ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម នឹងចាត់វិធានការស្របតាមច្បាប់ ប្រសិនបើរកឃើញដូចការចោទប្រកាន់ថា ប្រធានមន្ទីរកសិកម្មខេត្តកោះកុង លក់ដីរដ្ឋ

98


ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនចុះផ្សាយថា “ប្រធានមន្ទីរកសិកម្មខេត្តកោះកុង យកដីរដ្ឋលក់” ដែលក្នុងអត្ថបទទាំងនោះ បានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានបានសើមមាត់សើមកទេដឹងបានជាសម្ងំស្ងាត់ឈឹងដូច្នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាន ចំពោះករណីនេះ ក្រសួងកសិកម្ម មិនបាចេញគោលការណ៍អនុញ្ញាតឲ្យធ្វើការលក់ដូរដីរដ្ឋ និងពុំបានមានការពាក់ព័ន្ធដូចសារព័ត៌មានចុះផ្សាយនោះទេ។ ក្រសួងកសិកម្ម បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយបានចាត់ក្រុមការងារចុះធ្វើអធិការកិច្ច លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់មន្ទីរកសិកម្មខេត្តកោះកុង ក្នុងករណីពិតជាមានកំហុសឆ្គង ក្រសួងនឹងចាត់វិធានការស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា មានសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានចុះផ្សាយថា ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកោះកុង បានឲ្យដឹងថា លោក អ៊ី ម៉េងលាង ដែលទើបឡើងកាន់តំណែង ជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង ស្រាប់តែហ៊ានលក់ដីមន្ទីរកសិកម្មខេត្ត ដល់ទៅជាង១០ហិកតា ដើម្បីយកលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ មន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានបញ្ជាក់ថា កាលប្រធានចាស់នៅកាន់តំណែង គឺហ៊ានលក់ដីមន្ទីរកសិកម្មខេត្តកោះកុង ត្រឹមកន្លះហិកតាប៉ុណ្ណោះ ប៉ុន្តែនៅពេលលោក អ៊ី ម៉េងលាង ឡើងកាន់តំណែងជាប្រធានមន្ទីរកសិកម្ម ស្រាប់តែយកដីមន្ទីរកសិកម្ម១០ហិកតា ទៅលក់ឲ្យឈ្មួញពុះជាដីឡូត៍ ក៏ដូចជាជួលឲ្យបុគ្គលឯកជន បើកកន្លែងលាងរថយន្ត និងបើកអាជីវកម្មផ្សេងៗ ដោយគ្មានញញើតអ្វីឡើយ ។
តាមការបង្ហើបពីមន្ត្រីមន្ទីរកសិកម្មខេត្តកោះកុង បានឲ្យដឹងថា លោក អ៊ី ម៉េងលាង មានខ្នងបង្អែកយ៉ាងរឹងមាំ នៅក្នុងក្រសួងកសិកម្ម ដូច្នេះហើយទើបលោក អ៊ី ម៉េងលាង ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន មិនខ្វល់ពីការរិះគន់អ្វីឡើយ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម ពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀត៕

អត្ថបទដែលជាប់ទាក់ទង