អាជ្ញាធររាជធានីចុះហត្ថលេខាជាមួយអង្គកាJICAលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកក្រោយពីសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែបានបញ្ចប់
ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងនិងលោកបណ្ឌិតអ៊ីតូមិមប៉េអ៊ិ(Dr. lto Minpei) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិជប៉ុនJICA (ប្រទេសជប៉ុន) នាព្រឹកថ្ងៃទី២៣ឧសភាឆ្នាំ២០១៩នេះបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអមន្តរជាតិជប៉ុនJICA លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកក្រោយពីសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែបានបញ្ចប់។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាពិសេសជូនចំពោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលគម្រោងនេះបានផ្តោតសំខាន់ទៅលើការធ្វើអោយប្រសើរឡើងនិងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងការពារបរិស្ថានព្រមទាំងបានលើកកម្ពស់ដល់សោភ័ណភាពរាជធានីភ្នំពេញសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុខភាពជាពិសេសផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋថែមទៀត។
លោកអភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលជប៉ុនដែលតែងតែលើកទឹកចិត្តឧបត្ថម្ភគាំទ្រដល់រដ្ឋាបាលរាជធានីភ្នំពេញលើការភិវឌ្ឍន៍កសាងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមរយៈកិច្ចសហប្រតិបត្តិការជំនួយហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសនិងកិច្ចសហប្រតិបត្តិការការទូតដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានេះលោកឃួងស្រេងបានថ្លែងអំណរគុណដល់ក្រុមការងារគម្រោងរបស់JICA មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញមន្ត្រីសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនស៊ីធីអាយ(CTI) ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែរហូតបានបញ្ចប់ការសិក្សានិងដាក់ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកហើយឈានមកដល់ការចុះហត្ថលេខាលើព្រមព្រៀងរវាងភាគីទាំងពីរនាពេលនេះ។
លោកអភិបាលរាជធានីបានលើកឡើងថាគម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនឹងត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែឆ្នៃទឹកកខ្វក់ក្នុងបរិមាណ៥០០០ម៉ែត្រគូប/ថ្ងៃដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ។លោកសង្ឃឹមថាគម្រោងនេះនឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ។
លោកបណ្ឌិតអ៊ីតូមិមប៉េអ៊ិ(Dr. lto Minpei) បានមានប្រសាសន៍លើកឡើងថាជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួរបធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរនិងសត្វយ៉ាងខ្លាំងក្លា។តាមលទ្ធផលនៃការស្រាវជ្រាវការស្តារបរិស្ថានឡើងវិញគឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។បញ្ហានេះចំណុចសំខាន់យើងត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ។
លោកបានបន្តទៀតថាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះអាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប។ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផងដរ។
លោកបានបញ្ជាក់ផងដែរថាក្រោយការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួចយើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុនដើម្បីធ្វើការអនុម័តចុងក្រោយ៕