កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបំបែកសំណុំរឿង ចាប់ជម្រិតលើកទី២ ចាប់ខ្លួនជនសង្ស័យបាន៣នាក់ នៅប៉ោយប៉ែត
បន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ ត្រូវបាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើសណ្ឋាគារស៊ីធីប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយពីពួកគេបានធ្វើសកម្មភាពចាប់ខ្លួនពលរដ្ឋម្នាក់បង្ខាំងទុក រួចជម្រិតទារប្រាក់ពីសាច់ញាតិជនរងគ្រោះនៅភ្នំពេញ។
ប្រតិបតិ្តការនេះដឹកនាំចុះស្រាវជ្រាវនិងបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សម្របសម្រួលនិតិវិធីច្បាប់ដោយ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ប្រតិបត្តិការនេះធ្វើឡើងក្រោយពីមានសាច់ញាតិជនរងគ្រោះម្នាក់ឈ្មោះថៅ ណាក់ ប្រុស៣៧ឆ្នាំ រស់នៅ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ បានប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ថាសាច់ញាតិរបស់ខ្លួនត្រូវបានគេចាប់ជម្រិត។
ពាក់ពន្ធ័ករណីនេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងផែនព្រហ្មទ័ណ្ឌ បានឲ្យដឹងថាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចយើង បានទទួលព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ថា មានករណីចាប់ជំរិតទារប្រាក់ ពីភ្នំពេញ មកដល់បន្ទាយមានជ័យ ហើយនៅវេលា ម៉ោង២៣នឹង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រុង ដឹកនាំដោយលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ ចុះបង្ក្រាបករណីខាងលើ ចាប់បានជនល្មើស បានសម្រេចនៅជាយដែនប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បានបន្តថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ ព្រាប វណ្ណា ប្រុស ២៣ឆ្នាំ ជាអ្នកបើកបរ,ទី២-ឈ្មោះ ព្រាប វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកចាប់ ទី៣-ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុស អាយុ២៨ឆ្នាំ ជាសមគំនិត។
ដកហូតបានវត្ថតាងរថយន្ត លុចស៊ីស៣០០ មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004 ជាមធ្យោបាយ នៅ សណ្ឋាគារ ស៊ីធីប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកសាកសួរ នៅស្នងការដ្ឋាន ។
បច្ចុប្បន្នជនសង្ស័យទាំងនេះត្រូវបានឃាតនិងឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំតាមនិតិវិធីច្បាប់។ករណីនេះ នឹងប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលចាត់ការបន្ត។
គួរបញ្ជាក់ថា នេះគឺជាករណីចាប់ជម្រិតលើកទី២ ដែលត្រូវនគរបាលខេត្តបន្ទាយមានជ័យ បំបែកបានជោគជ័យលើទឹកដីក្រុងប៉ោយប៉ែត។ ករណីទី១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចាប់ជម្រិតជនជាតិចិន១២នាក់ រំដោះបានជនរងគ្រោះ៣នាក់ នៅលើផ្ទះសំណាក់សុផលថាវី និងផ្ទះសំណាក់លីហ៊ូវ ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅតុលាការរួចរាល់កាលពីម្សិលមិញផងដែរ៕