សមាជិកជំនួយការអប្បមាទ នៅមណ្ឌលប្រឡង វិទ្យាល័យស្វាយជ្រំ ស្លាប់ដោយខ្យល់គ , ថ្នាក់ដឹកនាំក្រសួងអប់រំទៅគោរពវិញ្ញាណក្ខន្ធ
ស្វាយរៀង៖ គរុសិស្ស គង់ និវឌ្ឍ បានចូលរួមបំពេញភារកិច្ចជាសមាជិកជំនួយការអប្បមាទ នៅមណ្ឌលប្រឡង វិទ្យាល័យស្វាយជ្រំ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩សីហា បានទទួលមរណភាពដោយសារខ្យល់គគាំងបេះដូង នៅលើកុដិ ក្នុងពេលកំពុងដេកលង់លក់ បន្ទាប់ពីបញ្ចប់ការប្រឡង់បាក់ឌុប។
ករណីនេះក្រសួងអប់រំបានចេញសេចក្តីប្រកាសព័ត៌មានថា តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាម ខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួល និងក្តីសោកស្តាយយ៉ាងក្រៃលែង ដោយទទួលដំណឹងដ៏អកុសល បំផុត ពីមរណភាពរបស់លោក គង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី១ សាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
គរុសិស្ស គង់ និវឌ្ឍ បានចូលរួមបំពេញភារកិច្ចជាសមាជិកជំនួយការអប្បមាទ នៅមណ្ឌលប្រឡង វិទ្យាល័យស្វាយជ្រំ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩សីហា២០១៩ ហើយបានចូលរួមចំណែកយ៉ាងធំធេង ដល់ភាពជោគជ័យនៃការប្រឡង។ មរណភាពរបស់ គរុសិស្ស គង់ និវឌ្ឍន៍ ជាការបាត់បង់ កុលបុត្រគំរូមួយរូប ដែលជាអនាគតមន្រ្តីអប់រំ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញា ប្រកបដោយស្មារតីវិជ្ជាជីវៈ បម្រើការងារក្នុងបុព្វហេតុសង្គមកម្ពុជាទាំងមូល។
ខ្ញុំសូមបួងសួងជូនដល់វិញ្ញាណក្ខន្ធ គរុសិស្ស គង់ និវឌ្ឍ បានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូមក្រុមគ្រួសារ ញាតិសន្តាន និងមិត្តភក្តិទាំងអស់នៃសព ទទួលនូវការស្រឡាញ់រាប់អានបំផុតពីខ្ញុំ។
ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ គឹម សេដ្ឋានី បានអញ្ជើញចូលរួមពិធីបុណ្យ ព្រមទាំងរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារសព គរុសិស្ស គង់ និវឌ្ឍ ជាគរុសិស្សរៀនឆ្នាំទី១ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង ដែលទទួលមរណភាពដោយរោគាពាធ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងក៏បានពាំនាំថវិកាដើម្បីចូលរួមជាបច្ច័យក្នុងពិធីបុណ្យសព របស់គរុសិស្ស គង់ និវឌ្ឍ ផងដែរ។
សូមបញ្ជាក់ថា គរុសិស្សម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់លើកុដិព្រះសង្ឃក្នុងវត្តព្រៃឆ្លាក់ ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ សមត្ថកិច្ចបានដាក់ការសង្ស័យថា មកពីខ្យល់គឬគាំងបេះដូង បណ្តាលឲ្យស្លាប់រហូតដល់ម៉ោងជិត៧ព្រឹកថ្ងៃទី២១ សីហា ២០១៩ ទើបបានដឹងហើយក៏មានការភ្ញាក់ផ្អើល ពីកូនសិស្សលោក និងព្រះសង្ឃ ដែលសឹងនៅក្នុងបន្ទប់ជាមួយឆោឡោ ហើយប្តឹងព្រះគ្រូចៅអធិការវត្ត ឲ្យនិមន្តពិនិត្យមើលរួចរាយការណ៍ជូនសមត្ថកិច្ចឲ្យមកធ្វើអន្តរាគមន៍។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះគង់ និវឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាភរ ឃុំចន្ត្រីយ ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរ ជាគរុសិស្សថ្នាក់ទី១២+២A1ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យនិងវិក្រិតការខេត្តស្វាយរៀង។
ប្រភពខាងលើបានឱ្យដឹងទៀតថាៈ ជនរងគ្រោះមានឳពុកឈ្មោះគង់ វទ្ធី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាត្រពាំងរុន ឃុំចន្ត្រីយ ស្រុករមាសហែក។ ជនរងគ្រោះបានស្ម័គ្រចិត្តចូលបំពេញការងារជាអប្បមាទ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩សីហា២០១៩ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង គឺបានបំពេញការងាររយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និងទី២០ សីហា ហើយបានត្រឡប់មកសម្រាកនៅវត្តព្រៃឆ្លាក់ ដែលជាកន្លែងជនរងគ្រោះ មកសុំព្រះសង្ឃស្នាក់នៅសិក្សា រយៈពេល១ឆ្នាំមកហើយ ជាធម្មតាស្រាប់តែព្រឹកឡើង ឃើញដេកស្លាប់តែម្តង។
បើតាមព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានមានថេរដិកាថា ជនរងគ្រោះឈ្មោះគង់ និវឌ្ឍ បានមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់នេះ រយៈពេល១ឆ្នាំមកហើយ ដើម្បីរៀនសូត្រនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត ហើយនៅយប់កើតហេតុ ពេលត្រឡប់មកពីធ្វើការវិញ ម៉ោងប្រមាណជា១០យប់ បានចូលដេកជាមួយព្រះសង្ឃកូននេនតូចៗ និងកូនសេកលោកមានគ្នា៥នាក់ លុះព្រឹកឡើងម៉ោងជិត៧ព្រឹក ព្រះសង្ឃសាមណេ បានតើនឡើង ស្រាប់តែឃើញជនរងគ្រោះដេកជាមួយស្លាប់ ក៏នាំគ្នាឆោឡោ និងពិតព្រះគ្រូចៅអធិការតែម្តង។
លោកវរសេនីយ៍ឯក មុំ សារ៉ុន ប្រធានការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា ការពិនិត្យធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យ លទ្ធផលសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គគាំងបេះដូង បណ្តាលឲ្យស្លាប់។ រីឯក្រុមគរុសិស្សនៃសាលាគរុកោសល្យនិងវិក្រិតការខេត្តស្វាយរៀង ចំនួន៤៥នាក់ ស្រី៣០នាក់ បានមកជួបជុំគ្នា នៅខាងមុខកុដិ ដែលកើតហេតុ ហើយបានបញ្ចេញអារម្មណ៍សោកស្តាយជនរងគ្រោះ ដែលជាសិស្សរួមជំនាន់ និងបានធ្វើការងារស្ម័គ្រចិត្តបម្រើការងារជា អប្បមាទ (ឈរយាមឆែកឆេនិងសង្កេតមើលបេក្ខជនប្រឡង) សម័យប្រឡង១៩សីហាឆ្នាំ២០១៩ នៅក្រុងស្វាយរៀង ហើយបាននិយាយទាំងទឹកភ្នែកថា ពួកនាងមិនអាចទទួលយកបានទេ ដោយជនរងគ្រោះដែលជាមិត្តល្អ រួមការងារបានស្លាប់ភ្លាមៗ ឆាប់ពេកបែបនេះ៕