ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបញ្ចេញប្រតិកម្មតបទៅអាមេរិក ដែលលោក John Bolton ចោទថា យន្តហោះចម្បាំងចិន J-20 ចម្លងបច្ចេកវិទ្យាតាម F-35 របស់អាមេរិក

100

ឯកអគ្គរដ្ឋទូតចិនប្រចាំអ៊ុយក្រែនលោក ឌូ វៃ (Du Wei) បាននិយាយថា ការចោទប្រកាន់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដែលថា ទីក្រុងប៉េកាំងបានលួចបច្ចេកវិទ្យាយោធាពីទីក្រុងវ៉ាស៊ីនតោន គឺជាការបង្ខូចមុខមាត់ចិនសុទ្ធសាធ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩។

លោក Du បានបញ្ចេញប្រតិកម្មបែបនេះបន្ទាប់ពីលោក Bolton កាលពីថ្ងៃពុធសប្តាហ៍នេះ កំឡុងដំណើរបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បានចោទប្រកាន់ទៅលើចិនថា បានលួចចម្លងបច្ចេកវិទ្យាយន្តហោះចម្បាំងអាមេរិក F-35។ គ្រានោះលោក Bolton បានអះអាងថា យន្តហោះចម្បាំងជំនាន់ថ្មីបំផុតរបស់ចិន គឺមានរូបរាងដូច F-35 បេះបិត ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យចំៗនោះឡើយថា យន្តហោះចម្បាំងចិនស៊េរីមួយណា។

យន្តហោះចម្បាំងស៊េរីថ្មីចុងក្រោយគេរបស់ចិន J-20 គឺវាមានទំហំធំជាងហើយមានម៉ាស៊ីនពីរ ខណៈនៅផ្នែកខាងមុខរបស់វា គឺមានកូនស្លាបពីរទៀត។ យន្តហោះចម្បាំងចិននេះ ដូចទៅនឹងយន្តហោះចម្បាំង F-35 របស់អាមេរិក ត្រង់វាមានសមត្ថភាពបំបាំងកាយ និងជាយន្តហោះចម្បាំងជំនាន់ទី៥ដូចគ្នា ប៉ុន្តែត្រង់លក្ខណៈសម្បត្តិ និងរូបរាងជារួមវិញនោះ គឺមិនដូចនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង