ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកទឹក ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ រាយការណ៍ពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

58

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្ត្រីក្រសួង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ រាយការណ៍ពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីក្រុមការងារក្រសួង អាចចុះមកជួសជុល បានទាន់ពេលវេលា បង្ការកុំឱ្យផ្លូវខូចកាន់ធំ។

នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងកម្មវិធីបើកយុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង តំណាង ក្រសួង-ស្ថាប័ន តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (UNDP) តំណាងដៃគូអភិវឌ្ឍន៍ អ្នកជំនាញការជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផងដែរ។

កម្មវិធីនេះសហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (UNDP) ក្នុងគោលបំណងប្រកាសចាប់ផ្តើម បើកយុទ្ធនាការបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត អំពីបច្ចេកទេស វិធីសាស្រ្តជួសជុល និងថែទាំផ្លូវថ្នល់ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ព្រមទាំងចុះផ្សព្វផ្សាយអំពីកម្មវិធីថែទាំផ្លូវ ដល់សាធារណជនឱ្យបានកាន់តែទូលំទូលាយ។

បេសកកម្មនេះ ផ្តោតជាចម្បងលើការសាងសង់ និងថែទាំផ្លូវថ្នល់ឱ្យមានលក្ខណៈល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ លុបបំបាត់ផ្លូវខូច និងជង្ហុកសំបុកមាន់ តាមដងផ្លូវនានា ក្នុងរាជធានី-ខេត្ត ព្រមទាំងបង្កើនសុវត្ថិភាពចរាចរណ៍ ជូនអ្នកប្រើប្រាស់ផ្លូវថ្នល់ និងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ឱ្យយកចិត្តទុកដាក់ការពង្រឹងគុណភាព ក្នុងការសាងសង់ ជួសជុល និងថែទាំផ្លូវ ចុះត្រួតពិនិត្យនូវស្ថានភាពផ្លូវថ្នល់ ឱ្យបានញឹកញាប់ និងចាត់វិធានការដោះស្រាយបញ្ហាផ្លូវខូច ឱ្យបានទាន់ពេលវេលា ថែមទាំងចូលរួមទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុធ្វើឱ្យផ្លូវថ្នល់ទទួលរងការខូចខាត មុនអាយុកាល។

បើតាមលោកទេសរដ្ឋមន្រ្តី “ក៏បានលើកទឹកចិត្តឱ្យមន្ត្រីក្រសួង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ រាយការណ៍ពីជង្ហុកសំបុកមាន់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីក្រុមការងារក្រសួង អាចចុះមកជួសជុលបានទាន់ពេលវេលាបង្ការកុំឱ្យផ្លូវខូចកាន់ធំ” ៕

អត្ថបទដែលជាប់ទាក់ទង