អាមេរិចដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង ជុំវិញការផ្គត់ផ្គង់ក្រុមភេរវករ
សហរដ្ឋអាមេរិច នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសពីទណ្ឌកម្មថ្មីមួយទៀត ប្រឆាំងនឹងប្រទេសអ៊ីរ៉ង ដោយដាក់គោលដៅលើប្រព័ន្ធដឹកជញ្ជូនរបស់របបនេះ ដែលអាមេរិចនិយាយថា បានធ្វើការរត់ពន្ធជំនួយដ៏គ្រោះថ្នាក់ទៅប្រទេសយេមែន និងភ្នាក់ងារចំនួន ៣ នៃក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង។
រដ្ឋមន្រ្តីរតនាគារអាមេរិច លោក Steve Mnuchin បានថ្លែងថា “របបអ៊ីរ៉ងបានប្រើប្រាស់ឧស្សាហ៍កម្មអាកាសចរ និងដឹកជញ្ជូនដើម្បីផ្គត់ផ្គងអាវុធដល់ក្រុមសកម្មប្រយុទ្ធ និងភេរវករក្នុងតំបន់របស់ពួកគេ ដែលនេះជាការចូលរួមធ្វើឲ្យមានវិបត្តិមនុស្សជាតិដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសស៊ីរី និងយេមែន”។
លោកថ្លែងថា “ឧស្សាហ៍កម្មអាកាសចរណ៍ និងដឹកជញ្ជូនគួរតែប្រុងប្រយ័ត្ន និងមិនត្រូវអនុញ្ញាតិឲ្យឧស្សាហ៍កម្មរបស់ពួកគេរងការគេងប្រវ័ញ្ចដោយភេរវករនោះទេ”។
ទណ្ឌកម្មអាមេរិចគឺប្រឆាំងនឹងបណ្តាញដឹកជញ្ជូនរប់សរបបអ៊ីរ៉ង រួមមានក្រុមហ៊ុន E-Sail និងភ្នាក់ងារចំនួន ៣ទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Mahan Air៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN