ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ស្លាប់ និងរបួសម្នាក់ ដោយសារម្ចាស់ផ្ទះបាញ់ប្រហារ ពេលចូលទៅគាស់ទូដែកលួចទ្រព្យសម្បត្តិ

58

 

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនពីរនាក់ ម្នាក់ស្លាប់និង ម្នាក់របួសធ្ងន់ ដោយសារតែម្ចាស់ផ្ទះ បាញ់ប្រហារ ពេលពួកគេចូលទៅលួចទ្រព្យសម្បត្តិ ក្នុងផ្ទះជនរងគ្រោះ នៅយប់រំលងអធ្រាត្រ ម៉ោងជាង១២ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២១៦ ផ្ទះលេខ៧៦ ក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង -ខេត្ត ព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីជនជាតិចិន២នាក់ ចូលទៅគាស់ទូដែកបម្រុងយកប្រាក់ ហើយក្នុងពេលជនសង្ស័យកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលព្រំដែនទឹក ចូលទៅទាន់ បានឃើញក្រុមជនសង្ស័យ បានប្រើដែកគាស់២ដើម វាយទៅលើជនរងគ្រោះ ប៉ុន្តែភ្លាមនោះ ម្ចាស់ផ្ទះជាមន្ត្រីនគរបាលព្រំដែនទឹក មានអាវុធក្នុងដៃ បានបាញ់សំដៅទៅលើជនល្មើសជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ កំពុងសង្គ្រោះគ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក ។

សមត្ថកិច្ច បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនជើងទឹក ។

សមត្ថកិច្ច មិនទាន់ស្គាល់ពីសាវតារជនជាតិចិនទាំង២នាក់នៅឡើយ គឺកំពុងស្រាវជ្រាវតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង