រដ្ឋបាលខេត្តព្រះសីហនុ ធ្វើបទបង្ហាញខ្លឹម សារអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ពន្ធ័រដ្ឋបាលក្រុង ស្រុក ខណ្ឌ










បទបង្ហាញមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងអង្គភាព ប្រធានមន្ទីរ និងអង្គភាពជំនាញ ក្រុមប្រឹក្សាក្រុង ស្រុក គណ:អភិ បាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មេឃុំ ចៅសង្កាត់ មន្ត្រីមន្ទីរសុខាភិបាល មន្ត្រីមន្ទីរអប់រំយុវជន និង កីឡា មន្ត្រីមន្ទីរមុខងារសាធារណ: ចូលរួម សរុប ២៥៧នាក់ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបាន បញ្ជាក់ថា ការផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី “មុខងារនិងរចនាសម្ពន្ធ័រដ្ឋបាលក្រុង ស្រុក និងការផ្ទេរមុខ ងារក្នុងវិស័យសុខាភិបាល និងកិច្ចការសមា ហរណកម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាល ក្រុង ស្រុក និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ” នៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅជិតប្រជាពលរដ្ឋក្នុងការ ទទួលខុសត្រូវលើការងារគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយ តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។
លោក អភិបាលខេត្ត បានបញ្ជាក់ទៀតថា ការរៀបចំដាក់ឱ្យអនុវត្តនូវអនុក្រឹត្យស្ដីពីមុខងារ និងរចនា សម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្ដល់សេវាសុខា ភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្មវិធីកំណែទម្រង់ស្នូលទាំងបីរួមមានដូចជា កំណែ ទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ, កំណែទម្រង់ការគ្រប់គ្រងរដ្ឋ បាលសាធា រណៈ, និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគាំទ្រ និងការ ចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយក្នុង ចំណោមកំណែទម្រង់ទាំងបី ផ្សេងទៀតរួមមាន: កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ការគ្រប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកំណែទម្រង់ស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលនីមួយៗរបស់រាជរដ្ឋាភិបាល ។ កម្មវិធីជាតិ ១០ឆ្នាំ ផ្តោតលើសមាសធាតុទាំង៥ រួមមាន: ១.ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, ២.ការរៀបចំប្រព័ន្ធគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ, ៣.ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ,៤.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ, ៥.ការរៀបចំស្ថាប័នគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៕