បង្រ្កាបមេខ្លោង ករណីជួញដូរសារធាតុញៀនខុសច្បាប់ ជាងកន្លះគីឡូ
កំពង់ស្ពឺ ÷ មេខ្លោងពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលគ្រឿងញៀន សហការបង្រ្កាប បាននៅស្រុកភ្នំស្រួច និងដកហូតបានថ្នាំញៀន រួមជាមួយវត្ថុតាងមួយចំនួនទៀត។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាម៉ោង២១២១:១០ នាទីយប់ថៃ្ងទី២៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានចូលរួមសហការជាមួយ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណី ជួញដូររក្សាទុកសារធាតុញៀនបានចំនួន ០៣នាក់ ៖ ១.ឈ្មោះ ហង្ស សុវណ្ណនិត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ សេត ត្រេន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣.ឈ្មោះ ម៉ៃ ដា ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខសញ្ញាទាំង៣ ត្រូវបានឃាត់ខ្លួននៅផ្ទះសំណាក់មនោរម្យ ស្ថិតក្នុងភូមិផ្សាត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ ។ ដកហូតវត្ថុតាងបាន ម្សៅសរថ្លាសង្ស័យថ្នាំញៀនចំនួន 0.5kg រួចបន្តឆែកឆេរនៅផ្ទះរបស់ឈ្មោះ សៀង ចន្រ្ទា ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនម្ចាស់ផ្ទះខាងលើ រួមជាមួយវត្ថុតាងរួមមាន៖ ម្សៅសរថ្លាសង្ស័យគ្រឿងញៀនចំនួន ១៥កញ្ចប់ ថ្នាំញៀនប្រភេទគ្រាប់ ចំនួន ១៣ថង់ សរុប៣៦៤គ្រាប់ រួមនឹងឧបករណ៍វិចខ្ចប់មួយចំនួនទៀត។ រថយន្ត Lexus Rx 330 ពណ៌ស្ក ស្លាកលេខ 2AX-6663 ភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង បានបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕