ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកិច្ចប្រជុំពង្រឹងសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំសកល

173

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៩​ លោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌច្បារអំពៅ​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ​ ដោយមានការចូលរួមពីគណៈអភិបាល គណៈនាយក អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេស ការិយាល័យចំណុះជំនាញ អង្គភាពជុំវិញខណ្ឌ ចៅសង្កាត់ ស្មៀន និងមេភូមិ ដើម្បី​ត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ការបង្ក្រាបបទល្មើសល្បែងសុីសង គ្រឿងស្រវឹងគ្រឿងញៀន​ខុសច្បាប់ក្នុងមូលដ្ឋាន និង​ជា​ពិសេស​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងរាជធានី ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ដែលនិងឈានចូលមកដល់ពេលដ៏ខ្លីខាងមុខនេះ។

អង្គប្រជុំបានស្តាប់នូវរបាយការណ៍លទ្ធផលការអនុវត្តការងារខែកន្លងមក ស្តាប់បញ្ហាប្រឈម ដោះស្រាយ និងដាក់ផែនការសម្រាប់ការអនុវត្តនាខែបន្ទាប់ ជាពិសេសការងារការពារសន្តិសុខ សណ្តាប់ឆ្នាប់ សម្រាប់ថ្ងៃឆ្លងឆ្នាំ ខាងមុខនេះ ។

លោក ចេង មុនីរ៉ា បានមានប្រសាសន៍លើកឡើងថា បុណ្យសាកលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះអាជ្ញាធរសង្កាត់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានសប្បាយនៅក្នុងពិធីបុណ្យខាងលើនេះ។ អីចឹងអ្វីដែលយើងត្រូវធ្វើនោះ គឺការរក្សាអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយនិងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋនឹងចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យនេះ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ជំរុញបន្ថែមថា ក្នុងនាមជាអាជ្ញាធក្នុងមូលដ្ឋានផ្ទាល់លោក លោកស្រីដែលជាចៅសង្កាត់ ឬមេភូមិ ត្រូវរាយការណ៍ដោយផ្ទាល់មកគណៈអភិបាលខណ្ឌ ដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋអោយទាន់ពេលវេលាពាក់ព័ន្ធការផ្តល់សេវា និងករណីគ្រឿងញៀន បញ្ហាល្បែងស៊ីសង បញ្ហាបរិស្ថាន ដែលប្រជាពលរដ្ឋរាយការណ៍អោយជួយដោះស្រាយ ។ លោកបន្តថា កន្លងមកក្នុងនាមអាជ្ញាធរខណ្ឌ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋតែងតែចុះជួយដោះស្រាយដោយផ្ទាល់ មិនដែលប្រកែកឡើយ តែមានពេលខ្លះក៏ឆកល្វែងម្តងម្តាលដោយសារ មានការងារជាច្រើនដែលត្រូវដោះស្រាយ តែទោះជាយ៉ាងណាសន្យានិងជួយសំរួលរាល់សំណើរនិងសំណូមពរ របស់ប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ផងដែរថា ការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀនជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន ។ លោកបញ្ជាក់ថា ល្បែងស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នាដើម្បីបង្ក្រាប ដូចជាល្បែង ជល់មាន់តាមអនឡាញ ល្បែងជល់មាន់និងកន្លែង និងល្បែងស៊ីសងច្រើនប្រភេទទៀត ហើយការងារនេះ ឃើញថា យើងក៏បានចុះបង្ក្រាបបានជាច្រើនករណីផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។

លោក ចេង មុនីរ៉ា បានក្រើនរំលឹកដលើកងកម្លាំងទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវប្រមូលកម្លាំងសរុបកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់នូវទង្វើណាដែលបង្កគ្រោះថ្នាក់ភាពវឹកវរក្នុងមូលដ្ឋាន ។

 

អត្ថបទដែលជាប់ទាក់ទង