បុរសម្នាក់ អង្គុយជក់ថ្នាំញៀន តាមទីសាធារណ:ល្បីលើហ្វេសប៊ុក ត្រូវចាប់ខ្លួន
ភ្នំពេញ៖ កាលពីម៉ោង១ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនៈ CALTEX មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គេប្រទះឃើញបុរសម្នាក់ បានអង្គុយជក់ថ្នាំញៀន តាមទីសាធារណ:ធ្វើព្រងើយ ដោយមិនខ្វល់អំពីសមត្ថកិច្ចនោះទេ។
សកម្មភាពនេះ ក៏ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន បានចុះមកផ្តិតយករូបថត និងបានផ្សាយឡាយ (Live) បង្ហោះនៅលើបណ្ដាញសង្គមហ្វេប៊ុក (Face Book) ទើបផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានហើយបានចុះទៅឃាត់ខ្លួនបុរសរូបនោះ យកមកសាកសួរ។
ក្រោយពេលសាកសួរ សមត្ថកិច្ច បញ្ជាក់ថា បុរសជក់ថ្នាំញៀនខាងលើនេះ មានសតិមិនល្អ ឬមិនគ្រប់ទឹក។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា បុរសមានសតិមិនល្អខាងលើនេះ មានឈ្មោះ សេង ងួនដា អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចទទួលស្គាល់ថា បុរសខាងលើនេះ ជាមនុស្សសសៃប្រសាទ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជោកជាំ។ ជាងនេះទៀត បុរសមានសតិមិនល្អរូបនេះ តែងដើរតាមដងផ្លូវទាំងយប់ទាំងថ្ងៃ និងគ្មានផ្ទះសំបែងស្នាក់នៅពិតប្រាកដនោះទេ។ ពោលគឺយប់ត្រង់កន្លែងណា ដេកត្រង់កន្លែងនោះ។
កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បុរស ដែលសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ អះអាងថា ជាមនុស្សឡប់សតិ បានទៅអង្គុយនៅចំណុចក្បែរការ៉ាស់សាំង និងបានជក់ថ្នាំញៀនធ្វើព្រងើយ ដោយមុនខ្វល់ពីកម្លាំងសមត្ថកិច្ចនោះទេ ហើយសមត្ថកិច្ច ក៏មិនខ្វល់ថា បុរសរូបនោះជក់គ្រឿងញៀន ឬមិនជក់នោះដែរ។ ហើយថា សកម្មភាពនេះ ក៏ត្រូវបានក្រុមអ្នកសារព័ត៌មានមួយចំនួន បានចុះថតផ្សព្វផ្សាយ ទើបផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅនាំខ្លួនបុរសរូបនោះ យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដើម្បីធ្វើការសាកសួរ រួចក្រោយមក ក៏ធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅព្យាបាល ដោយស្ម័គ្រចិត្តនៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ចំពោះសកម្មភាពខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅខណ្ឌប្ញស្សីកែវភាគច្រើន បានរិះគន់ចំពោះសកម្មភាពការងារ របស់ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលទើបទ្បើងកាន់តំណែងថ្មី ថាហាក់មានភាពកម្សោយក្នុងការងារដឹកនាំ ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យក្នុងមូលដ្ឋាននេះ។ ជាក់ស្ដែង សូម្បីតែជនមានសតិមិនគ្រប់ ក៏អាចមានប្រភព ដើម្បីទាក់ទងទិញគ្រឿងញៀន យកមកប្រើប្រាស់បានដែរ៕