កាមរីឆ្លាមផ្ទុះពោងទាំងពីរ , ឥទ្ធិពលស្រា បើកឡានលឿនដូចគេហោះ វ៉ាជែងជ្រុលបុកបង្គោលគីឡូម៉ែត្រ ប៉ើងដូចសី ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ភ្លាមៗនៅក្នុងរថយន្ត និងអ្នករួមដំណើររបួសក្បាលធ្ងន់ធ្ងរ និងបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិធ្លក សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចឲ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ឆាយ វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររត់តាក់ស៊ីមានទីលំនៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង រីឯអ្នករួមដំណើរឈ្មោះ យក់ សារី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ ព្រៃគាវ ឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង របួសធ្ងន់ បែកក្បាល ជាំភ្នែកធ្ងន់ និងរលាត់ដៃជើង។
ចំណែកជនរងគ្រោះម្នាក់ទៀត បើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង ១A៤៧៣២ បើកបរពីទិសខាងជើងទៅត្បូង របួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង ម៉ូតូខូចខាតស្រាល។ ចំណែករថយន្តបង្កម៉ាក តូយ៉ូតា កាមរី ឆ្លាមពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២I-៦៤៩៩ បើកបរពីទិសខាងត្បូងទៅជើង ខូចខាតធ្ងន់ធ្ងរ។
ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរយ៉ាងលឿនពីទិសខាងត្បូង ទៅជើងលុះមកជិតដល់កន្លែងកើតហេតុ បានបើកវ៉ាជែងរថយន្តឡិចស៊ីស១គ្រឿង និងបន្តវ៉ារថយន្តហាយឡែនឌ័រមួយគ្រឿងទៀត បានប៉ះរថយន្តហាយឡិនឌ័រ ក៏រេចង្កូតទៅឆ្វេងបុកចំបង្គោលថ្មគីឡូម៉ែត្រលេខ១ ប៉ើងជាង១០ម៉ែត្រ បណ្តាលឲ្យរថយន្តក្រឡាប់បីបួនត្រឡប់ ទៅបុកជាមួយម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នា ដួលខ្ទាតជិត១០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសក្បាល និងដៃជើងធ្ងន់ធ្ងរសន្លប់នៅនឹងកន្លែង។
ចំណែកអ្នកបើករថយន្តឈ្មោះ ឆាយ វណ្ណា បែកក្បាលធ្លាយខួខ្ទាតបាចពេញថ្នល់ស្លាប់ នៅក្នុងរថយន្ត រីឯបុរសជាប្អូនថ្លៃរួមដំណើររបួសធ្ងន់។
បើតាមឈ្មោះ យក់ សារី ដែជាប្អូនថ្លៃរួមដំណើរ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង៣០នាទីព្រឹក រូបគេនិងបងថ្លៃឈ្មោះឆាយ វណ្ណា បានជិះម៉ូតូទៅចូលរួមជប់លៀង ផឹកស៊ីនៅផ្ទះមិត្តភក្តិនៅស្រុកស្វាយជ្រំ រហូតដល់ម៉ោង៣និង១០នាទីរសៀល ក៏ត្រឡប់មកវិញហើយបានចូលក្នុងមន្ទរពេទ្យខេត្តមើលម្តាយបង្កើត មានជំងឺវះពោះ សម្រាកពេទ្យ ទើបបងថ្លៃយកម៉ូតូទៅទុកនៅកន្លែងឳពុកធ្វើការ នៅពន្ធនាគារខេត្ត រួចយករថយន្តបើកទៅផ្ទះ ក្នុងគោលបំណងទៅយកប្រពន្ធឈ្មោះកែន ស្រីរ័ត្ន អាយុ៣២ឆ្នាំ នៅភូមិព្រះទន្លេ ឲ្យមកដេកកំដរម្តាយក្មេក ពេលនោះខ្លួនជាប្អូនថ្លៃក៏ឡើងជិះរថយន្ត ទៅជាមួយ ក៏ប៉ុន្តែដោយស្រវឹងស្រា ពេកក៏កាច់កៅអី ដេកលក់ទៅពេលដឹងខ្លួន ឃើញបងថ្លៃស្លាប់ ទៅហើយ ឡានខ្ទេចមុខយ៉ាងដំណំ គួរឲ្យតក់ស្លុតណាស់។
រីឯប្រពន្ធ និងម្តាយក្មេកម្តាយធំ យំបោកខ្លួន គួរឲ្យសង្វេក ប្តីស្លាប់ចោលបន្សល់ប្រពន្ធ និងកូនប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ ម្នាក់ទើបតែ២ខួប ឲ្យកំព្រា។ សមត្ថកិច្ចធ្វើការវាស់វែង ហើយសន្និដ្ឋានថា បើកបរដោយស្រវឹង និងបើកល្បឿនលឿន វ៉ាជែងកន្លែងគ្រោះថ្នាក់។ សពសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ស្នងការដ្ឋាននគបាលខេត្តរង់ចាំដោះស្រាយជាក្រោយ៕