ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលចិន ផ្តល់ជំនួយជាង២លានដុល្លារ​ ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម

80

 

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយចំនួន២លាន៥សែនដុល្លារអាមេរិក​ ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ឆ្នាំ២០២០។

លោកអគ្គនាយកស៊ីម៉ាក់ បញ្ជាក់ក្នុងផេកហ្វេសប៊ុកកាលពីថ្ងៃទី២៥ខែធ្នូនេះថា ថវិកាជាជំនួយឥតសំណងចំនួន២.៥០០.០០០​ ដុល្លារអាមេរិក ​រដ្ឋាភិបាលចិននេះ​ នឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តគម្រោង “ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា”​ ហើយគម្រោងនេះ គាំទ្រការពង្រាយកម្លាំងប្រតិបតិ្តការ របស់អង្គភាពស៊ីម៉ាក់នៅខេត្តព្រះវិហារ​ ខេត្តឧត្តមានជ័យ​ ខេត្តស្ទឹងត្រែង​ ព្រមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប​ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាដើម​ ដែលមានផែនការ រំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ ចំនួនជាង១៧គីឡូម៉ែត្រក្រឡា។
លោកហេង រតនា បានមានប្រសាសន៍ថា គម្រោងនេះត្រូវប្រើប្រាស់កម្លាំងជំនាញជិត៣០០នាក់​ ក្នុងរយៈពេល១ឆ្នាំ គឺពីថ្ងៃទី១​ ខែមករា ដល់ថ្ងៃទី៣១​ ខែធ្នូ​២០២០។ សូមបញ្ជាក់ថា គម្រោងជំនួយឥតសំណង​រដ្ឋាភិបាលចិននេះ មានរយៈ​ពេល៣ឆ្នាំ​ (២០២០-២០២២)​ ហើយនេះជាឆ្នាំទី១។ សូមរំលឹកថា​ រដ្ឋាភិបាលចិនបានផ្តល់ជំ​នួយទំហំថវិកាដូចគ្នានេះ នៅចុងឆ្នាំ២០១៨ដើមឆ្នាំ២០១៩​ផងដែរ​ ដែលបានអនុវត្តការបោសសំអាតមីន និងសំណល់ជាតិផ្ទុះ តាមបណ្តាខេត្តដូចខាងលើដែរ៕

អត្ថបទដែលជាប់ទាក់ទង