រថយន្តយីឌុបដឹកដីពេញប្រៀម បង្កឲ្យបាក់ស្ពានដែកបេឡេមួយកន្លែង នៅក្នុងស្រុកកណ្តាលស្ទឹង
កណ្តាល៖ ស្ពានដែកបេឡេមួយកន្លែងនៅជិតនៅជិតជញ្ជីងថ្លឹងឡាន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ២ បានបាក់ ដោយសារឡានដឹកដីធុនយីឌុបមួយគ្រឿង បើកឆ្លងកាត់។ ស្ពានដែកបេឡេចាស់ទ្រុឌទ្រោមមួយនេះ មិនអនុញ្ញាតឲ្យរថយន្តធំធុនធ្ងន់បើកឆ្លងកាត់នោះទេ ព្រោះអាជ្ញាធរមានដាក់ស្លាកសញ្ញាឱ្យវៀងផ្លូវ ប៉ុន្តែតែកុងរថយន្តមិនស្តាំបម្រាម ជម្នះបើកឆ្លងកាត់ រហូតបង្កឲ្យបាក់ស្ពាន។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាពីវេលាម៉ោង ២និង៣០ នាទីរសៀលនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្កដោយរថយន្តដឹកដីមួយដែលមានផ្លាកលេខ ភ្នំពេញ 3E-8531 ដោយអ្នកបើកបរមានឈ្មោះ រឹម គឹម ប្រភេទ អាយុ ២៧ ឆ្នាំ។
តាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា អ្នកបើកបរឡានត្រូវឱ្យធ្វើកិច្ចសន្យា និងអូសយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះថា ពិតជាមានករណីរថយន្តដឹកដីធ្វើឲ្យបាក់ស្ពានប្រាកដមែន គឺបណ្តាលមកពីរថយន្តដឹកដីគម្រោងជួសជុលផ្លូវជាតិលេខ២ បើកពីលើស្ពាន ទើបធ្វើឲ្យស្ពានបាក់។
លោកអភិបាលបានបន្ថែមទៀតថា លោកបានឲ្យកម្លាំងមន្ត្រីជំនាញក្រសួងសាធារណការ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះទៅត្រួតពិនិត្យ យករថយន្តដឹកដីទៅរក្សាទុក និងឲ្យខាងរថយន្តបង្កធ្វើការជួសជុលស្ពានជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ ៕