រថយន្តបែនដឹកដី បុកហើយកិន មន្ត្រីនគរបាលម្នាក់ កំពុងបញ្ជាចរាចរណ៍ បណ្តាលឲ្យ បាក់ឆ្អឹងជំនីរចំនួន ៩
កំពត៖ លោកស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា មន្ត្រីនគរបាលម្នាក់ នៃការិយាល័យចរាចណ៍ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៍នៅគល់ស្ពានត្រើយខាងលិច ត្រូវបានរថយន្តបែនដឹកដី បុកហើយកិន បណ្តាលឲ្យរងរបួសធ្ងន់ បាក់ឆ្អឹងជំនីរចំនួន ៩ បានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា “ករណីគ្រោះថ្នាក់ចរាចរណ៍ល្ងាចមិញ ថ្ងៃទី27 ធ្នូ 2019 ចំពោះមន្ត្រីរបស់ខ្ញុំ នៃការិយាល័យចរាចណ៍ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៍នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម។ គាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំបាទធានារាល់ការចំណាយ ក្នុងការព្យាបាលទាំងអស់ ចំពោះមន្ត្រីដូចរូបគាត់ ដែលកំពុងបំពេញការងារ និងសកម្មក្នុងការងារ។ សូមជូនពរបងឆាប់ជាសះស្បើយ ។ លោកស្នងការបានបញ្ជាក់ថា មន្រ្តីនគរបាលរូបនោះ បាក់ឆ្អឹងជំនីរចំនួន ៩ “។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយកើតឡើងនៅ វេលាម៉ោង 15និង24នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលមន្រ្តីនគរបាលចរាចរណ៍មួយរូប កំពុងបំពេញភារកិច្ច ឈរបញ្ជាចរាចរណ៍ នៅលើផ្លូវជាតិលេខ3 (កំពត-វាលរេញ) ត្រូវបានរថយន្តបែនដឹកដី បុកហើយកិន បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវបំបែកគល់ស្ពាន កំពង់បាយត្រើយខាងលិច ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
លោកស្នងការ បានឲ្យដឹងថា នេះជាវីដេអូដែលគ្រោះថ្នាក់ចរាចរណ៍ លើមន្ត្រីរបស់ខ្ញុំ គាត់ពិតជាសំណាងខ្លាំងណាស់ ដែលមិនប៉ះពាល់ដល់អាយុជីវិត ៕