ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

AFDផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់ឥណទានសម្បទានសរុបចំនួន ១១៨ លានអឺរ៉ូ

88

ភ្នំពេញ៖ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ២ ដែលមានទឹកប្រាក់ឥណទានសម្បទានសរុបចំនួន ១១៨ លានអឺរ៉ូ (ប្រមាណជា១២១,៣២ លានដុល្លារអាមេរិក), កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី៣១ធ្នូនេះថា
កិច្ចព្រមព្រៀងទាំង ២ នេះ មានដូចខាងក្រោម៖

១. ឥណទានសម្បទានចំនួន ១០០ លានអឺរ៉ូ (ប្រមាណជា ១០១,៤ លានដុល្លារអាមេរិក សម្រាប់
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាល់កាលទី២៖

តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទាន
សម្បទានបន្ថែម ចំនួន ១០០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងនេះបន្តពីគម្រោងជំហានទី ១ ។
គម្រោងនេះមានទិសដៅ ៖ ១. សាងសង់ស្ថានីយ៍បូមទឹកដែលមានសមត្ថភាពផលិតទឹកស្អាតបាន
១៩៥ ០០០ ម៉ែត្រគុបក្នុងមួយថ្ងៃ , ២. បំពាក់បំពង់មេនាំទឹកស្អាត , បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់ និង ៣.
ត្រតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
លើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយទឹក ។

២. ឥណទានសម្បទានចំនួន ១៨ លានអឺរ៉ូ (ប្រមាណជា ១៩៩៦ លានដុល្លារអាមេរិក) សម្រាប់
គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង

តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានចំនួន
១៨លានអឺរ៉ូ សម្រាប់ធ្វើសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនរាជរដ្ឋាភិបាល
កម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង ដែលមាន ក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ ជាភ្នាក់ងារប្រតិបត្តិតម្រោង ហើយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាភ្នាក់ងារអនុវត្តគម្រោង ។ គម្រោងនេះ មានទិសដៅ + ១, កែលម្អ និងលើក
កម្ពស់គុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សា, ២. លើក
កម្ពស់ការសិក្សាផង និងធ្វើការផង តាមបណ្តាឧស្សាហកម្មនានា និង ៣.ពង្រឹងយន្តការគ្រប់គ្រងហិរញ្ញវត្ថុ របស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឲ្យប្រកបដោយនវានុវត្តន៍ ។

ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងទាំងពីរខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅ
នឹងសេចក្តីត្រូវការជាអាទិភាពរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការលើកកម្ពស់ ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និង សហគ្រិនភាព និង វិស័យ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រង និងទីប្រជុំជនតាមរយៈការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងការបំពាក់
ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត ។ ហិរញ្ញប្បទានដ៏ថ្លៃថ្លាពីរដ្ឋាភិបាលសាធារណរដ្ឋបារាំងនេះ នឹង
រួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ
ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង បង្កើតការងារបែងចែក ផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ ដល់គ្រប់ស្រទាប់វណ្ណៈនៃប្រជាជន និងបង្កើនប្រសិទ្ធិភាពនៃការវិនិយោគដែលជាមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ។

សូមគូសបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារ
បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ផ្តោតទៅលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ អភិវឌ្ឍន៍កសិកម្ម និង
ហេដ្ឋារចនាសម្ព័ន្ធជនបទ, បណ្តុះបណ្តាលជំនាញ, គាំទ្រវិស័យផលិតកម្ម, ធនាគារ និងគ្រឹះស្ថាន
ហិរញ្ញវត្ថុ។ គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ខែ ធ្នូ ឆ្នាំ ២០១៩ សាធារណរដ្ឋបារាំងបានផ្តល់ហិរញ្ញប្បទាន
សហប្រតិបត្តិការចំនួនប្រមាណ ៨០២ លាន ក្នុងនោះមាន៖ហិរញ្ញប្បទានឥតសំណងចំនួន ២០១លានអឺរ៉ូ, ឥណទានសម្បទាន “Sovereign Loan” ចំនួន ៤៣៤ លានអឺរ៉ូ និងឥណទានគ្មានការធានាពីរដ្ឋ “Non Sovereign loan” ចំនួន ១៦៧ លានអឺរ៉ូ ៕

អត្ថបទដែលជាប់ទាក់ទង