ស្ដ្រីឃាតករ សម្លាប់ស្រ្តីម្នាក់ ញាត់ចូលធុងទឹកកក ត្រូវជាប់គុកមួយជីវិត
ភ្នំពេញ៖ ស្ត្រីជាប់ចោទឈ្មោះ ស៊ិន សុផល ហៅដា អាយុ៣៥ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់គុកមួយជីវិត តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណីលើទឹកប្រាក់ចំនួន១២០លានរៀល នាព្រឹកថ្ងៃទី៣១ ធ្នូនេះ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោសឃាតករស្រីឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ក្នុងសំណុំរឿងករណី ឃាតកម្មគិតទុកមុន សម្លាប់មិត្តភក្ភិកាត់ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ ស៊ិន សុផល ភេទស្រីអាយុ ៣៥ ឆ្នាំនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ដិនៅចំណុចនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។
នៅក្នុងអង្គសវនាការ ជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដិអំពើឃាតកម្មដូចការចោទប្រកាន់មែន។
បន្ទាប់ពីបញ្ចប់ការជំនុំជំម្រះ នៃសវនាការនេះលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ដ្រីដែលឃាតករសម្លាប់មិត្តភក្តិខ្លួនឯងកាត់ជាកំណាត់ៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងកាត់សាកសពជាបំណែកៗ បោះចូលទន្លេ លើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕