ចាប់អ្នកបើក និងម្ចាស់រថយន្ត Highlander បុកយុវតីសិស្សសាលា២នាក់ស្លាប់ នៅសង្កាត់កោះដាច់
ភ្នំពេញ៖ កងកម្លាំងសមត្ថកិច្ច ចាប់ជនបង្កដែលបើកបុកយុវតីសិស្សសាលា២នាក់ ស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ និងកម្លាំងជំនាញបានបើកការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនបង្ក អ្នកបើក និងម្ចាស់រថយន្ត Highlander ពាក់ផ្លាកលេខ 2AG-7942 ពណ៌ទឹកមាស ដែលបើកបុកយុវតីសិស្សសាលា២នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជនបង្កឈ្មោះ សូត្រ អាយុ៣៨ឆ្នាំ និងម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចចាប់ឃាត់កាលពីប្រមាណថ្ងៃមុន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសាកសួរ គឺមិនជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះទេ។ លោកថា ករណីនេះ គឺជាប់ពាក់ព័ន្ធជាមួយរថយន្ត Highlander តែប៉ុណ្ណោះ។ ឧត្តមសេនីយ៍ស្នងការនគរបាលបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទាំងជនបង្ក និងម្ចាស់រថយន្ត Highlander ទាំងពីរនាក់ គឺស្ថិតនៅក្នុងរថយន្តជាមួយគ្នា ហើយអ្នកទាំងពីរ នឹងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨៕