កម្មការិនីរោងចក្រម្នាក់ ដេញចាប់ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ ៖ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចវៃខ្នោះ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីកម្មការិនីរោងចក្រម្នាក់ បានសម្រេច។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៩ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមានឈ្មោះនេន សុខជា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យម្នាក់ទៀត ឈ្មោះឃឹម រដ្ឋា អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគ្រួស សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិព្រែកស្តី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ អ្នកទាំង២នាក់ សមត្ថកិច្ចធ្វើតេស្តឃើញមានសារធាតុញៀន។
ចំណែកនារីរងគ្រោះមានឈ្មោះហឿន ហ៊ន់ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅភូមិភូមិពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមសាំមកន្ឌេង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
បើតាមសម្ដីរបស់នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1N-0702 ចេញពីផ្ទះជួលមកធ្វើការទៅរោងចក្រ ជិះតាមផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង 1G-4458 ជិះមកពីក្រោយហើយជិះមកជិតរូបនាង ពេលនោះឈ្មោះនេន សុខជា ដែលជិះនៅខាងក្រោយ ពីធ្វើសកម្មភាពលួកយកទូរស័ព្ទដៃ ដែលនារីរងគ្រោះដាក់នៅក្នុងឃ្លុបម៉ូតូ នៅខាងមុខ ហើយក៏ជិះម៉ូតូបម្រុងគេចខ្លួន តែត្រូវបាននាងដេញតាមពីរក្រោយ និងស្រែកថាចោរៗ ក៏មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ ក៏ជួយដេញតាមចាប់បានជនសង្ស័យ បានទាំង២នាក់ ភ្លាមៗរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ មកសួរនាំនៅប៉ុសិ៍្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីរងគ្រោះពិតប្រាកដមែន ដោយសារតែខ្លួនអត់មានលុយទិញថ្នាំជក់។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ទូរស័ព្ទដៃម៉ាក oppo មួយគ្រឿងរបស់នារីរងគ្រោះ និងម៉ូតូម៉ាកហុងដាឌ្រីមសង់ឆ្នាំ ២០១៩ ដែលរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ចាត់ការបន្តតាមនីតិវិធីច្បាប់៕