គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដាក់គោលដៅលើក កំណាត់ផ្លូវជាតិលេខ១ ត្រួតពិនិត្យគ្រឿងញៀនទាំងព្រឹក, ឃាត់ខ្លួនតៃកុងឡាន៥នាក់ មានសារធាតុញៀនក្នុងខ្លួន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញដែលដឹកនាំការងារដោយ
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ,លោកវរសេនីយ៍ត្រី ឡូ ភារម្យ អធិការរង ទទួលផែនប្រឆាំងគ្រឿងញៀន,លោកវរសេនីយ៍ទោ ឃឹម សារ៉ាវង្ស អធិការរង ,លោកអនុសេនីយ៍ទោ ជឿន វិបុល ជំនួយការបញ្ជាការកងរាជអាវុធហត្ថ បានដាក់គោលដៅត្រួតពិនិត្យស្វែងរកសារធាតុញៀន (ធ្វើតេស្តិ៍ទឹកនោម) ទៅលើអ្នកបើកបររថយន្តធុនធំនៅមុខក្លោងទ្វារវត្តចំប៉ាលើកកំណាត់ផ្លូវជាតិ លេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានប្រើប្រាស់កម្លាំងចូលរួមសរុបចំនួយ៤៤រូបផងដែរ។
លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅបានអោយដឹងថាជាលទ្ធផល៖កម្លាំងចម្រុះបានត្រួតពិនិត្យរថយន្តធុនធំស្វែងរកសារធាតុញៀនបានចំនួនសរុប៤៧គ្រឿង ហើយក្នុងនោះរកឃើញអ្នកបើកបរឡានដែលមានសារធាតុញៀន បានចំនួន ០៥នាក់ ផងដែរដោយបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ចំណែករថយន្តទាំង០៥គ្រឿង ត្រូវបានសមត្ថកិច្ចចំរុះយកទៅរក្សាទុកនៅសាលាខណ្ឌច្បារអំពៅបណ្តោះអាសន្ន។
លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅដែលទទួលបន្ទុកលើការងារទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌបានអោយដឹងថាចំពោះការងារនេះក្នុងនាមអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដោយចុះសហការគ្នាជាមួយគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដោយបន្តធ្វើជាប្រចាំអោយដូចភ្លៀងរលឹមពោលគឺធ្វើទាំងយប់ទាំងថ្ងៃដើម្បីបោសសម្អាត់ចំពោះករណីជួញជក់ប្រើប្រាស់គ្រឿងញៀននេះអោយដល់ឫសគល់តួយ៉ាងដូចនៅព្រឹកនេះអ៊ីចឹងដាក់គោលដៅនៅលើកំណាត់ផ្លូវជាតិលេខ១មុខក្លោងទ្វារវត្តចំប៉ានាភូមិជ្រោយអម្ពិលទី១សង្កាត់ក្បាលកោះដោយរកឃើញតៃកុងឡានធុនធំមានសារធាតុញៀននៅក្នុងខ្លួនចំនួន៥នាក់តាមរយះនៃការធ្វើតេសទឹកនោម៕
