លួចយករថយន្តម៉ាក ឡិចស៊ីសរបស់មិត្តភក្តិទៅលក់ ឱ្យអ្នកដទៃ ហើយគេចខ្លួនបាត់ ត្រូវសមត្ថកិច្ចវាយខ្នោះ
បន្ទាយមានជ័យ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណី រំលោភទំនុកចិត្តអាវុធហត្ថខេត្តបានស្រាវជ្រាវចាប់ខ្លួនជនល្មើសម្នាក់ ដែលលួចយករថយន្តម៉ាក ឡិចស៊ីស (RX300) របស់មិត្តភក្តិទៅលក់ ឱ្យអ្នកដទៃ ហើយគេចខ្លួនបាត់។
អាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យោងពាក្យបណ្ដឹងរបស់ឈ្មោះ យក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណី រំលោភទំនុកចិត្ត កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកាស៊ីណូហ្វ័រធូណា ម្ដុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឈ្មោះ លឹម ប៊ុនធឿន បានលក់រថយន្តម៉ាក ឡិចស៊ីស ( RX300) ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-2798 ឱ្យទៅឈ្មោះ រស់ ជៀវ (ត្រូវជាឳពុកក្មេកឈ្មោះ យក់ បញ្ញា) ក្នុងតម្លៃ ១៥.០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារ) ប៉ុន្តែឈ្មោះ ប៊ុន ធឿន បានសុំជួលរថយន្តនោះពីឈ្មោះ យក់ បញ្ញា ដើម្បីជិះ ក្នុងតម្លៃ៥០០$ ក្នុងមួយខែ ហើយក្រោយមកឈ្មោះ លឹម ប៊ុនធឿន បានយករថយន្តទៅលក់ឱ្យអ្នកដទៃ ហើយគេចខ្លួនបាត់ ។
ដោយយោងតាមពាក្យបណ្ដឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក្រុង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ប៊ុនធឿន បាននៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូហ្គោឌិនក្រោណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំមកបញ្ជាការកូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូន មកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ដោយយោងតាមចម្លើយសារភាព របស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើ ហើយគេចខ្លូនមកស្នាក់នៅក្រុងប៉ោយប៉ែត ពិតប្រកដមែន។ បច្ចប្បន្នកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តន៍ទៅតាមផ្លូវច្បាប់៕
