គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្តស្លាប់ ០១ នាក់
ក្រុងតាខ្មៅ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កនិងរថយន្ត
បណ្ដាលឲ្យស្លាប់មនុស្សប្រុស ០១ នាក់ កើតហេតុនៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០វេលាម៉ោង ០៥ និង ៣០ នាទី នៅចំណុចខាងមុខសាលាសង្កាត់ព្រែកហូរ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២ ។
ករណីនេះបង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ម៉ាក SUZUKI VIVA 110 ពណ៌ ខ្មៅ គ្មានផ្លាកលេខ (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)។ អ្នកបើកម៉ូតូឈ្មោះ កែវ រតនា ភេទ ប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកសពយកទៅប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រៃណី ។
នគរបាល បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កបើកក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក STERLING ពណ៌សំបកឪឡឹកពាក់លផ្លាកលេខ ភ្នំពេញ 3C-0812 អ្នកបើករថយន្ត (មិនទាន់ស្គាល់អត្តសញ្ញាណ) បើករថយន្តក្នុងទិសដៅពីជើងមកត្បូង បណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ករណីនេះ បណ្តាលឲ្យខូតខាតម៉ូតូស្រាល ០១ គ្រឿង និងរថយន្តស្រាល ០១ គ្រឿង ។
មធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ។ មូលហេតុមកពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បើកចូលចំណែកផ្លូវខាងរថយន្ត ៕