សម្តេចតេជោហ៊ុនសែនចូល រួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម
ភ្នំពេញ៖
នៅល្ងាចថ្ងៃសុក្រ៨រោចខែបុស្សឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងទី១៧ខែមករាឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម។ពិធីពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោកវូក្វាងមិញ, ពាណិជ្ជករអ្នកជំនួញខ្មែរនិងវៀតណាមព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀតដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។ទន្ទឹមនឹងនោះសម្តេចតេជោបានមានប្រសាសន៍បន្តទៀតថាការជួបជុំនេះគឺជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រទេសជិតខាងល្អការជឿទុកចិត្តគ្នាទៅវិញទៅមកនិងការគោរពគ្នាទៅវិញទៅមកជាពិសេសលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរដែលសម្រេចបាននូវវឌ្ឍនភាពល្អទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនយោបាយនិងការទូត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអណរគុណដល់វិនិយោគិនវៀតណាមដែលជ្រើសរើសកម្ពុជាជាកន្លែងវិនិយោគនិងការពង្រីកអាជីវកម្មផ្សេងៗស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលនិងការលើកទឹកចិត្តសម្រាប់ការវិនិយោគការធ្វើធុរកិច្ចដែលមានលក្ខណៈប្រកួតប្រជែងស្មើភាពការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់និងការវិនិយោគលើគ្រប់វិស័យដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយសម្រេចតាមគោលដៅដែលបានគ្រោងទុក
ហើយកម្ពុជានៅតែត្រូវការការវិនិយោគពីវៀតណាមជាពិសេសការកែច្នៃផលិតផលកម្ពុជាទៅកាន់ប្រទេសវៀតណាម។
នេះជាឆ្នាំទីមួយដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានជួបជុំជាមួយបងប្អូនអ្នកវិនិយោគវៀតណាមមុនបុណ្យចូលឆ្នាំវៀតណាមមកដល់ហើយសម្តេចបានសម្រេចអោយមានការជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀតដើម្បីពង្រឹងចំណងមិត្តភាពនិងបង្កើននូវជំនឿទុកចិត្តរវាងគ្នានិងគ្នាជាពិសេសគឺពង្រឹងការជឿទុកចិត្តរវាងវិនិយោគិនវៀតណាមនៅកម្ពុជា។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិមិត្តវៀតណាមនាពេលខាងមុខដែលឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមជូនពរដល់បងប្អូនវៀតណាមទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច៕