ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះ ស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិតាមរយៈកម្មវិធីកំណែទម្រង់ស៊ីជ្រៅ ក្នុងបរិបទនៃទំនើបកម្មក្នុងវិស័យបច្ចេកវិទ្យា
ភ្នំពេញ៖ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ដោយសារថា ឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ទៅលើការកសាងធនធានមនុស្សប្រកបដោយចំណេះដឹងចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជ្រៅ ក្នុងបរិបទនៃទំនើបកម្មក្នុងវិស័យបច្ចេកវិទ្យា។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការពារអប់រំ យុវជន និងកីឡារាជធានីភ្នំឆ្នាំសិក្សា២០១៨ ២0១៩ និងទិសដៅឆ្នាំសិក្សា ២០១៩–២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
លោកឃួង ស្រេង បានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូជាអ្នកផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិតនិងបំនិនជីវិតយ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ“ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។ លោកបន្តថា “ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ” ព្រោះថាឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ទៅលើការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជ្រៅ ក្នុងបរិបទនៃទំនើបកម្មក្នុងវិស័យបច្ចេកវិទ្យា ដោយផ្តោតលើកត្តាចំណេះដឹង ទន្ទឹមគ្នាទៅនឹងការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោកអភិបាលបន្តទៀតថា សម្រាប់ការអប់រំបណ្តុះបណ្តាលកម្រិតវិទ្យាល័យក្នុងឆ្នាំសិក្សាកន្លងទៅ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ មានចំនួន ១២.៧០៤ នាក់ ក្នុងនោះ៖ សិស្សទទួលបាននិទ្ទេស A មានចំនួន ១៤១ នាក់ លើ ៤៤៣ នាក់ និងនិទ្ទេស B មានចំនួន ៦៦៤ នាក់ លើ ២.៤៣០នាក់ នៃក្របខ័ណ្ឌអប់រំទូទាំងប្រទេស ដែលនេះជោមោទនៈភាពរបស់យើងទាំងទាំងអស់។ ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន ទាមទារឱ្យ មានការប្រមែប្រមូលកម្លាំង និងធនធានសរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រជំរុញមិនឱ្យមាននរណាម្នាក់នៅក្រៅសេវាអប់រំនិងត្រូវបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាមូលធនមនុស្ស ដែលមានសមត្ថភាពនិងជំនាញខ្ពស់គ្រប់ៗគ្នាប្រកបដោយសក្តានុពលខ្ពស់។
លោកឃួង ស្រេងបន្ថែមទៀតថា ក្នុងរយៈពេលចុងក្រោយនេះ នៅតាមសាលារៀនមួយចំនួនតូច មានការកើតមាននូវបាតុភាព ដូចជាករណីហឹង្សាលើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវនិងករណីហឹង្សាបណ្តាលឱ្យស្លាប់សិស្សសាលាអន្តរទ្វីបអាមេរិកាំងជាដើម ដូច្នេះទេលោក ស្នើឱ្យប្រធានមន្ទីរ ថ្នាក់ដឹកនាំ អង្គភាព នាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ រួមគ្នាគិតគូរឡើងវិញ អំពីវិធានការចាំបាច់ដើម្បីពង្រឹងការគ្រប់គ្រងសាលារៀនវិន័យផ្ទៃក្នុងសាលា និងការកែប្រែឥរិយាបទមិនសមរម្យរបស់សិស្សគ្រប់កម្រិតសិក្សា សំដៅឈានទៅលុបបំបាត់អំពើហឹង្សាតាមគ្រប់រូបភាព ក្នុងចំណោមសិស្សានុសិស្សទាំងក្នុងសាលារៀនរដ្ឋ និងឯកជន ចៀសវាងនូវការកើតមានបាតុភាពដ៏អកុសលនេះបន្តទៅទៀត។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍អោយដឹងថា នៅរាជធានីភ្នំពេញ មានសាលាមត្តេយ្យសិក្សា២៤ សិស្សសរុប ២,៤១៧នាក់ស្រី ១,១៩៣នាក់។ សាលាបឋមសិក្សាមាន១៦៤ សិស្សសរុប១៣៨, ២០៥នាក់ ស្រី៦៥,៧២០នាក់។ វិទ្យាល័យ អនុវិទ្យាល័យមាន៦៨(ក្នុងនោះវិទ្យាល័យអប់រំពិសេស២)សិស្សសរុប៩០,៣៤៥នាក់ស្រី៤៥,៨០៥នាក់ មជ្ឈមណ្ឌលអប់រវិជ្ជាជីវៈមិត្តភាពកម្ពុជា–ជប៉ុន បណ្តុះបណ្តាលមុខវិជ្ជាដេរប៉ាក់ កាត់ដេរ ជាងឈើ អគ្គីសនី បោះ
ពុម្ព អេឡិចត្រូនិច មានសិស្សសរុប១,០០៥នាក់ ស្រី៤៩៦នាក់។ កម្មវិធីអក្ខរកម្ម បំពេញវិជ្ជាក្រៅម៉ោងធ្វើការ និងការអប់រំវិជ្ជាជីវៈ មានសិស្សសរុប៤,៤៥៧នាក់ ស្រី ១,០៨៨នាក់។ ថ្នាក់មត្តេយ្យក្នុងសាលាបឋមសិក្សា១២៥សាលា សិស្សសរុប៨,២០៣នាក់ ស្រី ៣,៩៥២នាក់។ មត្តេយ្យសិក្សាសហគមន៍១៩កន្លែង សិស្សសរុប ៨៧៨នាក់ ស្រី៤០៩នាក់។ ចំណែកគ្រឹះស្ថានសិក្សាឯកជន
មានសាលាមត្តេយ្យសិក្សា ២៣៦សាលា សិស្សសរុប ២៣, ៤០៣នាក់ ស្រី១១,៤៧៨នាក់ សាលាបឋមសិក្សា៣៣៧សាលា សិស្សសរុប ៨៥,៣៣២ នាក់ ស្រី ៣៧,២៧៨នាក់ សាលាមធ្យមសិក្សា ១៣៤សាលា សិស្សសរុប៣៨,៣៦៦នាក់ស្រី ១៩,៨៥៥នាក់
សាលាភាសាបរទេសក្រៅប្រព័ន្ធនិងការអប់រំវិជ្ជាជីវៈ២៤៤សាលាសិស្សសរុប៥៦,៦០៩នាក់ស្រី២៩,០៨៨នាក់។មន្ទីរអប់រំយុវជននិងកីឡារាធានីភ្នំពេញមានបុគ្គលិកអប់រំគ្រប់ក្របខ័ណ្ឌសរុប១០,៩៣៦នាក់ ៦,០២៧នាក់។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែគិតគូរយកចិត្តទុកដាក់មកលើវិស័យអប់រំរាជធានី លោកបានផ្តល់ការគាំទ្រនិងជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងជួយជួសជុលអគារសិក្សា ជាពិសេសឆ្នាំ២០១៩–២០២០ រដ្ឋបាលរាជធានីភ្នំពេញបានជួយសាងសង់អាគារសិក្សាថ្មីចំនួន២ខ្នង២ជាន់ស្មើ២០បន្ទប់និងចុងក្រោយនេះសម្រេចអោយសាងសង់សាលា៣ខ្នងស្មើ១៥បន្ទប់នៅខណ្ឌដង្កោជាអំណោយរបស់សម្តេចតេជោ។ សាងសង់បានបញ្ចប់ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ ១ខ្នង ២ជាន់១២បន្ទប់ សាលាបឋមសិក្សា វត្តសន្សំកុសល ខណ្ឌមានជ័យ១ខ្នង ២ជាន់ ១០បន្ទប់កំពុងដំណើរការសាងសង់ និងបានជួយសាងសង់បង្គន់អនាម័យថ្មីចំនួន១៣ខ្នង នៅតាមសាលារៀនចំនួន១៣សាលា ស្មើ ៦៥ បន្ទប់ ៕