ការចាត់វិធានការសម្អាតសម្លាប់មេរោគ នៅសាលា CIS សាខាកោះពេជ្រ ក្រោយរកឃើញជនជាតិកាណាដាម្នាក់ មានវីរ៉ុស Covid-19
រាជធានីភ្នំពេញ៖ បើតាមការប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី១៤ មីនា ២០២០ បានឲ្យដឹងថា មន្ត្រីសុខាភិបាល បានចាត់វិធានការចុះសម្អាត បាញ់សម្លាប់មេរោគនៅគ្រប់បន្ទប់ និងទីតាំងទាំងអស់ ក្នុងសាលា CIS (Canadian International School) សាខាកោះពេជ្រ បន្ទាប់ពីរកឃើញករណី Covid-19 ថ្មីនៅលើបុរសជនជាតិកាណាដាម្នាក់វ័យ ៤៩ឆ្នាំ ជាបុគ្គលិកធ្វើការនៅសាលារៀនខាងលើ ដែលបច្ចុប្បន្នត្រូវបានដាក់ដាច់ដោយឡែក ដើម្បីធានាបានសាលាស្អាតគ្មានមេរោគ ទប់ស្កាត់ការរីករាលដាលជំងឺរលាកសួត Covid-19។
ការចុះសម្អាតបាញ់សម្លាប់មេរោគនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា សម្រេចបិទសាលាខាងលើជាបណ្ដោះអាសន្ន ខណៈដែលគ្រូៗ និងសិស្សានុសិស្សក្នុងសាលារៀននេះ តម្រូវឱ្យធ្វើការតាមដានសុខភាពរយៈពេល១៤ថ្ងៃ ហើយក្រុមអ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀតដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដើម្បីចាត់វិធានការជាបន្ត។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប៕