ដំរីមួយក្បាលចាប់ក្មេងប្រុសម្នាក់នឹងប្រមោយ បោកផ្ទប់នឹងគល់ឈើស្លាប់
ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់ បានស្លាប់ បន្ទាប់ពីដំរីមួយក្បាលស្ទុះមកចាប់នឹងប្រមោយបោក បណ្ដាលឲ្យផ្លោងប៉ះនឹងដើមឈើ កាលពីវេលាម៉ោង៩និង១១នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំក្រូច ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលឃុំល្បាំង២ បានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះ ហៀក ជីវៈ អាយុ១០ឆ្នាំ ជនជាតិព្រៅ ជាសិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ បានស្លាប់ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ រីឯម្ចាស់ដំរី ឈ្មោះ ខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបន្តថា ហ្មដំរី ឈ្មោះ ប៊ុន រឿងផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មុខរបរ អ្នកថែទាំដំរី មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ហើយដំរីនោះមានឈ្មោះ បុក ម៉ាយ ឈ្មោល មានអាយុ៣២ឆ្នាំ។
លោកថា នៅមុនពេលកើតហេតុ ឈ្មោះ ប៊ុន រឿងផ្លាល បាននាំជនរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី ដើម្បីឲ្យយកម៉ូតូមកភូមិវិញ ពេលនោះ ដំរីក៏បានស្ទុះមកចាប់ក្មេងប្រុសរងគ្រោះនឹងប្រមោយបោកផ្ទប់ទៅនឹងគល់ឈើ រងរបួសធ្ងន់ធ្ងរ។ ហ្មដំរី ក៏បានលើកក្មេងរងគ្រោះដាក់លើម៉ូតូដឹកយកមកមន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យមិនទាន់បានជួយសង្គ្រោះផងនោះ ក្មេងរងគ្រោះក៏បានស្លាប់បាត់ទៅហើយ។ ក្រោយពេលដឹងថាក្មេងរងគ្រោះបានស្លាប់នោះ ហ្មដំរីនេះ ក៏បានរត់គេចខ្លួនបាត់តែម្ដង។
លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងនៅរសៀល ថ្ងៃដដែលនេះថា ដំរីឈ្មោលខាងលើ កន្លងមកធ្លាប់ចុះប្រេងម្តងរួចមកហើយ, រហូតដល់ថ្ងៃនេះ ដំរីឈ្មោលនេះ ចុះប្រេងម្តងទៀត មានភាពកាចសាហាវ សូម្បីតែម័រដំរី មើលថែទាំរាល់ថ្ងៃ នៅតែមិនស្តាប់ទៀត បណ្តាលឲ្យស្លាប់ក្មេងសិស្ស សាលាម្នាក់ស្លាប់យ៉ាងអណោចអធ៌មបែបនេះ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ និងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះមកពិនិត្យនៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ រួចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យឪពុកម្ដាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕