ក្រុមសង្គមស៊ីវិល ស្នើឲ្យ ដោះលែង សកម្មជនព្រៃឈើ និងបរិស្ថាន
ព្រៃឡង់៖ ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថាន ចំនួន២៤ បានរួមគ្នា កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត។
បើតាមសេចក្តី ថ្លែងការណ៍រួមបានបញ្ជាក់ថា យើងខ្ញុំជា ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើកងកម្លាំងសន្តិសុខដោយមិនសមហេតុផលក្នុងការឃាត់ខ្លួនសកម្មជនបរិស្ថាននិងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សាពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។
លោក អ៊ូច ឡេង ជាសកម្មជនលេចធ្លោ ដែលបានលះបង់ដើម្បីការពារព្រៃឈើប្រទេសកម្ពុជា រហូតទទួលបានពានរង្វាន់ ធំជាងគេក្នុងពិភពលោក។ បែរជាមន្ត្រីអាជ្ញាធរខ្មែរតបស្នងទៅលើគាត់ ដោយការចាប់ខ្លួនគាត់ទៅវិញ។ បច្ចុប្បន្ននេះតាមរយៈដំណឹងចុងក្រោយបានឲ្យដឹងថា លោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ៣នាក់ទៀត នៅបន្តស្ថិតនៅក្នុងការឃាត់ខ្លួន និងសាកសួរនៅឡើយតាំងពីម៉ោង ៩ព្រឹកម្សិលមិញមកម្ល៉េះ៕