បុណ្យទន្លេនៅខេត្តបាត់ដំបង៣ថ្ងៃ មានប្រជាពលរដ្ឋ-ភ្ញៀវទេសចរចូលរួមជិត៣០ម៉ឺននាក់
បាត់ដំបង៖លោករដ្ឋមន្ត្រីថោងខុននិងលោកងួនរតនៈអភិបាលខេត្តបាត់ដំបងនិងលោកប្រធានក្រុមប្រឹក្សាខេត្តបានប្រកាសបិទព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីថ្ងៃទី១៥ខែមីនានេះក្នុងនោះគេសង្កេតឃើញថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនាទស្សនីយភាពសិល្បៈវប្បធម៌មានល្ខោនរឿងប្រវត្តិភ្នំសំពៅសិល្បៈរបាំមួយចំនួនការដើរបង្ហាញម៉ូតអំពីក្រមាខ្មែរនិងការសម្ដែងសៀកកំប្លែងផងដែរ។
ក្រសួងទេសចរណ៍បានប្រកាសថា ការរៀបចំពិធីបុណ្យទន្លេលើកទី៦រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣–១៥ខែមីនាឆ្នាំ២០២០នៅខេត្តបាត់ដំបងបានប្រព្រឹត្តទៅដោយរលូននិងជោគជ័យយ៉ាងត្រចេះត្រចង់ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់។
លោកអភិបាលខេត្តងួនរតនៈបានបង្ហាញការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី៦នេះដែលបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយរីឯការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ជាដើមនោះក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ។
លោកបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្ដិភាពស្ថិរភាពនយោបាយជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៅមុខទៀតដើម្បីឱ្យកម្ពុជាបន្តការអភិវឌ្ឍជឿនលឿនតទៅអនាគត។
លោករដ្ឋមន្ត្រីថោងខុនបានរំឭកនូវអនុសាសន៍ទាំង៦ចំណុចរបស់សម្ដេចតេជោហ៊ុនសែនដែលបានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីម្សិលមិញជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរមន្ត្រីរាជការដែលមានវត្តមាននៅក្នុងកម្មវិធីបិទបុណ្យទន្លេនោះ។
ថ្វីដ្បិតក្នុងពិធីបុណ្យទន្លេគ្មានការភ័យខ្លាចពីជំងឺកូវីដ១៩លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចចំពោះបញ្ហាជំងឺCovid-19 ខ្លាំងហួសហេតុពេកទោះបីជាជំងឺនេះជាជំងឺឆ្លងប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ទោះយ៉ាងណាដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុនក៏ត្រូវថែរក្សាអនាម័យសម្អាតខ្លួនប្រាណនិងត្រូវលាងដៃនឹងសាប៊ូហើយនៅពេលក្អកកណ្ដាស់ត្រូវខ្ទប់មាត់ច្រមុះនឹងកន្សែងឬក្រមាខ្មែរដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ៕