អ្នកនាំពាក្យក្រសួងដែនដី ថា សំណង់ចំនួនជាង៥០០ នៅខេត្តព្រះសីហនុត្រូវបានត្រួតពិនិត្យគុណភាពរួចរាល់ក្នុងនោះ១៤សំណង់បញ្ជាឲ្យរុះចោល
ភ្នំពេញ៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី បានអះអាងថា ចាប់តាំងពីរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ក្រោយការបាក់រលំអគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នោះ សំណង់អគារចំនួន៥២០សំណង់នៅក្នុងខេត្តមួយនេះត្រូវបានគណៈកម្មការមួយនេះបានធ្វើការត្រួតពិនិត្យក្នុងនោះ១៤សំណង់គឺបញ្ជាឲ្យរុះចោលតែម្តង ។
លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅព្រឹកថ្ងៃទី១៦ មីនា នាទីស្តីការគណៈរដ្ឋមន្រ្តី ។
លោក បានបញ្ជាក់ថា ដោយឡែកជាង១០០អគារផ្សេងទៀត គឺតម្រូវឲ្យមានការហៅក្រុមហ៊ុនជំនាញដើម្បីមកធ្វើកោសល្យវិច្ឆ័យដើម្បីឲ្យមានភាពច្បាស់លាស់ថាតើអគារទាំងអស់នោះមានគុណភាពអាចបន្តសាងសង់បញ្ចប់ ឬប្រើប្រាស់បានហើយឬនៅ ។
លោក បានសង្កត់ធ្ងន់ថា ក្រសួងបានពិនិត្យលើការងារនេះយ៉ាងម៉ត់ចត់ ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះកម្ពុជាមានច្បាប់សំណង់ក្នុងការគ្រប់គ្រងនឹងចាត់វិធានការនៅក្នុងវិស័យសំណង់នេះផងដែរ ។
លោក បន្តថា ចំពោះករណីការបាក់រលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែបកន្លងទៅនោះបញ្ហាធំគឺបញ្ហាបច្ចេកទេស ។ ឯកឧត្តម បន្តថា ការគោរពបាននូវបទដ្ឋានបច្ចេកទេស គឺជារឿងសំខាន់ ដោយក្នុងនោះក្រសួងបានរកឃើញនូវកំហុសនៃការធ្វេសប្រហែសនៃការគណនាសំណង់ឲ្យបានត្រឹមត្រូវ ដែលជាហេតុនាំឲ្យសំណង់ទាំងនេះបានបាក់រលំ ៕. ដោយ៖ សំរិត