អាជ្ញាធរខណ្ឌចំការមនចុះណែនាំ ដល់ម្ចាស់សំណង់ ពីបញ្ហាផលប៉ះពាល់
ភ្នំពេញ ៖ ដោយមានការណែនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមនកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ លោក អាំង សិរីពិសិដ្ឋ អភិបាលរង ខណ្ឌចំការមន ទទួលបន្ទុកការងារសំណង់ខណ្ឌបានចុះពិនិត្យមើលការដ្ឋានសំណង់ មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញដែលការដ្ឋានសំណង់មួយនេះបានប្រើប្រាស់រថយន្តស្ទូច និងរថយន្តបាញ់បេតុង បង្កការកកស្ទះចរាចរណ៍នៅលើដងផ្លូវខាងលើនេះ។
លោក អាំង សិរីពិសិដ្ឋអភិបសលរងខណ្ឌចំការមន បានលើកឡើងថាចំពោះការដ្ឋានសាងសង់សំណង់ខាងលើនេះ គឺជាការការពារមានធ្វើសំយ៉ាកកាត់ទទឹងផ្លូវមានក្ដារនិងសំណង់២ជាន់បាំងពីលើដើម្បីការពារគ្រោះថ្នាក់យថាហេតុដល់អ្នកដំណើរដែលឆ្លងកាត់ការដ្ឋាននេះ។ ដោយឡែកចំពោះបងប្អូនប្រជាជនដែលរស់នៅជិតខាង គឺមិនមានប៉ះពាល់នោះទេ ។
ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌចំការមនក៏បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរខណ្ឌនូវរាល់សំណង់ណាដែលបានរំខាន និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនោះ។ចំណែកការដ្ឋានសំណង់អាជ្ញាធរចុះមកធ្វើការណែនាំតែមិនបានផ្អាកការដ្ឋានសំណង់នោះទេដោយមានច្បាប់សាងសង់ត្រឹមត្រូវគ្រាន់តែកែសម្រួលដល់ឡានស្ទួចនិងឡានបាញ់បេតុងត្រូវដូរផ្លាស់ពេលវេលាខ្លះពោលគឺពីពេលថ្ងៃមកពេលយប់វិញជៀសវាងកកស្ទះចរាចរណ៍លើដងផ្លូវ ហើយក៏សូមអរគុណដល់បងប្អូនប្រជាជនដែលបានផ្ដល់ព័ត៍មានដល់អាជ្ញាធរសង្កាត់ឬមកសាលាខណ្ឌចំការមន៕