បញ្ហាគ្រឿងញៀន ត្រូវការពេលវេលា និងការយកចិត្តទុកដាក់ ដោះស្រាយបន្ថែមទៀត
ភ្នំពេញ៖ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀត ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់វិស័យ ក្នុងនោះនៅថ្នាក់ជាតិ គឺគ្រប់ក្រសួងដែលជាសមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ពិសេសការត្រៀមខ្លួន អនុវត្តផែនការសកម្មភាពយុទ្ធនាការ បង្ក្រាបគ្រឿងញៀនលើកទី៥បន្តទៀត ។
នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញថ្លែងរបាយការស្វាគមន៍ ស្ដីអំពីការប្រព្រឹត្តទៅនៃសន្និបាតដែលមានការចូលរួមពីភាគីពាក់ព័ន្ធជាង៥០០នាក់ ។ លោកបានបន្តថា អង្គសន្និបាតបានវាយតម្លៃថាសភាពការគ្រឿងញៀនក្នុងតំបន់ និងពិភពលោក នៅមិនទាន់មានការថយចុះនៅឡើយទេ ហើយកម្ពុជានៅតែជាប្រទេសមានគ្រឿងញៀនឆ្លងកាត់ច្រើន ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គសន្និបាត នៅតែកំណត់ថាប្រជាជនចល័ត កម្មករ ក្មេងអនាថា យុវជនគ្មានការងារធ្វើ សិស្សគេចសាលា អ្នកបើកបររថយន្តពេលយប់ និងអ្នកមកពីចំណាក ស្រុក សុទ្ធតែជាអ្នកប្រឈមនឹងបញ្ហាគ្រឿងញៀន ខណៈគោលដៅមានការប្រើប្រាស់គ្រឿងញៀន គឺទីកំសាន្តពេលរាត្រី ផ្ទះសំណាក់ និងការដ្ឋានសំណង់ជាដើម។
លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បង្ក្រាបបានបទល្មើសគ្រឿងញៀនជាង៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ និងរឹបអូសគ្រឿងញៀនបានជាង៧៥០គីឡូ កើនឡើងប្រមាណជិត ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ។
លោកក៏បានស្នើសម្ដេចក្រឡាហោម ជួយអន្តរាគមន៍ឱ្យមានការចូលរួមបន្ថែមទៀត ពីក្រសួងអប់រំ យុវជន និងកីឡា ជំរុញការងារភូមិស គ្មានគ្រឿងញៀននៅតាមតំបន់ជាប់ព្រំដែន ជំរុញការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិចំពោះសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសំណើមួយចំនួនទៀត ពាក់ព័ន្ធការងារអនុវត្តច្បាប់ និងថវិកាទ្រទ្រង់សកម្មភាព ។
បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្នុងនាមរាជរដ្ឋាភិបាល បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត និងបានឯកភាពគាំទ្រទាំងស្រុង ចំពោះលទ្ធផលការងារកន្លងមក។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងជំរុញការបំផុសចលនាសង្គមឱ្យជ្រួតជ្រាបអំពីទិសស្លោក៣កុំ ១រាយការណ៍ គឺកុំជួញដូរ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ពីបទល្មើសគ្រឿងញៀន ។ សម្ដេចបានណែនាំឱ្យមន្ត្រីអ្នកអនុវត្តច្បាប់ ត្រូវប្រកាន់ឱ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវផ្ដល់ការលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានរាយការណ៍ពីបទល្មើសគ្រឿងញៀនតាមរយៈការចុះស្រាវជ្រាវ និងបង្ក្រាប ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការអនុវត្តច្បាប់គ្រឿងញៀន ពេលខ្លះត្រូវការកិច្ចសហការដោះស្រាយ ប៉ុន្តែពេលខ្លះ គឺជាមុខងារដោយឡែក ។ ជាក់ស្ដែងផលិតផលខ្លះ គេអាចយកទៅកែច្នៃទៅធ្វើជាគ្រឿងញៀន ដែលទាមទារឱ្យក្រសួងសាមីត្រូវសិក្សា និងមានវិធានការជាមុន ។ សម្ដេចបានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន ក៏មែនជាការងារផ្ដាច់មុខ របស់នគរបាល ឬអាវុធហត្ថដែរ គឺត្រូវការការចួលរួមពីអ្នកទាំងអស់គ្នា ។
ពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំស គ្មានគ្រឿងញៀន សម្ដេចបានគូសបញ្ជាក់ថា ក្រុមការងារត្រូវរៀបចំផែនការ ឱ្យទៅជាសកម្មភាព ពិសេសនៅតាមភូមិឃុំនៅតំបន់ព្រំដែន ដោយសម្ដេចបានគូសបញ្ជាក់ថា ការងារនេះត្រូវការអនុវត្តពីអាជ្ញាធរជាតិ អាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ។ សម្ដេចបានប្រកាសគាំទ្រ និងជំរុញឱ្យយន្តការនេះ មានដំណើរការទៅមុខ ។
សម្ដេចក៏បានទទួចឱ្យអង្គភាពពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការទប់ស្កាត់គ្រឿងញៀនឆ្លងកាត់ព្រំដែន ដូចជាព្រំដែនជាមួយប្រទេសឡាវជាដើម។ សម្ដេចសង្កេតឃើញថា កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយឡាវ មានភាពល្អប្រសើរជាងមុន ហើយថា បញ្ហានេះបានក្លាយជារបៀបវារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ជាមួយក្រសួងមហាផ្ទៃ ។
នៅក្នុងឱកាសនោះដែរ សម្ដេចមានប្រសាសន៍ផ្ដល់ការលើកទឹកចិត្ត ឱ្យក្រុមការងារតែងចម្រៀងអប់រំអំពីផលវិបាក នៃគ្រឿងញៀន សូមបង្កើនការតែងនិពន្ធ និងចេញបទចម្រៀង ដែលមានការទាក់ទាញក្រុមយុវជន ក្នុងនោះដូចជាមានដូចជា គ្រឿងញៀននាំឱ្យបាត់បង់ស្នេហ៍ មានគ្រឿងញៀនគេមិនឱ្យចូលធ្វើការ ឬចង់ធ្វើប៉ូលិស ប៉ុន្តែលទ្ធផលតេស្តមានគ្រឿងញៀនជាដើម ។
សម្ដេចក៏បានរំលឹកដល់អត្ថន័យ នៃបទចម្រៀង ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍ ដែលមានអត្ថន័យអប់រំជ្រាលជ្រៅ ហើយទទួលការចាប់អារម្មណ៍ពីមហាជន ។ សម្ដេចបានលើកទឹកចិត្ត ឱ្យតែងនិពន្ធបទចម្រៀង ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍បន្ថែមទៀតដែរ ដោយត្រូវធ្វើយ៉ាងណា ឱ្យចម្រៀងនោះបានចូលក្នុងអារម្មណ៍ អ្នកបើកបររថយន្តធំៗ សិស្សមិនពាក់មួកសុវត្ថិភាព ព្រោះខ្លាចខូចម៉ូតសក់ជាដើម ។
នៅក្នុងឱកាសនោះ សម្ដេចក៏បានប្រកាសដាក់ឱ្យអនុវត្តប្រតិបត្តិការ១៥ ១១ របស់តំបន់ រួមជាមួយការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ និងបានណែនាំភាគី ពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវអនុវត្តយន្តការឱ្យបានជាក់លាក់ ត្រូវបំផុសការចូលរួមជាពហុវិស័យ ទាំងការងារអប់រំ ការស្ដារនីតិសម្បទា ការអនុវត្តច្បាប់ និងការផ្ដល់ការលើកទឹកចិត្ត ចំពោះអ្នកមានស្នាដៃ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់ ទៅកាន់អង្គពិធី អំពីការផ្ដល់ការគាំទ្រផ្នែកថវិកា ការបង្កើតមជ្ឈមណ្ឌលអប់រំតាមសាលារៀន ការផ្ដល់ថវិកាលើកទឹកចិត្តជូនអង្គភាព និងមន្ត្រីអនុវត្តច្បាប់ សម្រាប់យុទ្ធនាការលើកទី៣ ដោយសម្ដេចបានសង្កត់ធ្ងន់បុគ្គល និងអង្គភាពត្រូវទទួលប្រាក់ ត្រូវបានសម្ដេចណែនាំឱ្យរាយនាមច្បាស់លាស់ ហើយប្រាក់នោះ គឺផ្ទេរចូលគណនីបុគ្គល ឬអង្គភាពនោះតែម្ដង។
ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺ COVID19 សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាការរិះគន់ ឬតិទៀនមកលើរាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ សម្រាប់សង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស ប៉ុន្តែសម្ដេចស្នើកុំឱ្យបញ្ចេញមតិ បំផ្លោងខុសពីការពិត និងបង្កើតភាពច្របូកច្របល់ក្នុងសង្គម។ សម្ដេចបានសង្កត់ធ្ងន់ថា ពេលនេះក្នុងនាមយើងជាខ្មែរដូចគ្នា សូមយកបញ្ហានយបាយ ឬខឹងស្អប់ទុកមួយឡែកសិន ត្រូវរួមចំណែកទប់ស្កាត់ ការរីករាលដាលCOVID19 ៕