ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មួយថ្ងៃ រុះរើ និងកាយកម្ទេចសំណង់ផ្ទះអនាធិបតេយ្យ រស់នៅលើអូរ៥ បានចំនួន ២៩គ្រួសារ

65

ព្រះសីហនុ ៖ លោកអីុ សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា ថ្ងៃអង្គារ៍ ទី១៧ ខែមីនា ឆ្នាំ២០២០ គឺមួយថ្ងៃពេញ  បានដឹកនាំក្រុមការងារចម្រុះ ចុះរុះរើ និងកាយកម្ទេចសំណង់ផ្ទះអនាធិបតេយ្យរស់នៅលើអូរ៥ បានចំនួន ២៩គ្រួសារ ស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកបានថ្លែងថា ជាលទ្ធផល ក្រុមការងារបានរុះរើ និងកាយកម្ទេចផ្ទះនៅលើអូរ៥ ដូចខាងក្រោម៖ ១/ កាយកម្ទេចសំណង់ជាផ្ទះរំលោភលើអូរទាំងស្រុង បានចំនួន ៩ផ្ទះ។ ២/ កាយកម្ទេចសំណង់ជាផ្ទះ រំលោភលើអូរផ្នែកខាងក្រោយ បានចំនួន ២០ផ្ទះ។៣/ តាមបណ្តោយអូរ៥ ផ្នែកខាងក្រោម ដែលថ្ងៃនេះក្រុមការងារបានរុះរើ និងកាយកម្ទេចផ្ទះរួច ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០  ក្រុមការងារនឹងបន្តដាក់គ្រឿងចក្រ ដើម្បីកាយពង្រីកអូរតាមប្លង់ប្រព័ន្ធ។ ៤/ រីឯតាមបណ្តោយអូរ៥ ផ្នែកខាងលើ ក្រុមការងារនឹងបន្តរុះរើ និងកាយកម្ទេចផ្ទះអនាធិបតេយ្យលើអូរ៥ ដែលនៅសល់ទៀត ដើម្បីពន្លឿនការកាយស្តារ និងកាយពង្រីកអូរតាមប្លង់ប្រព័ន្ធឲ្យហើយមុនរដូវវស្សាខាងមុខ។ 

 ចំណាត់ការរបស់រដ្ឋបាលក្រុងព្រះសីហនុ ដេីម្បីរំដោះអូរ​ ប្រឡាយដែលទាក់ទងនឹងផែនការកសាងផ្លូវទាំង ៣១ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលត្រូវស្ថាបនាឲ្យហើយក្នុងផែនការរយៈពេល ៨ខែ ដឹកនាំស្ថាបនាដោយ​ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ រួមទាំងគម្រោងស្តារ និងកាយអូរប្រវែង២៥,៥គីឡូម៉ែត្រ ទូទាំងក្រុងព្រះសីហនុ ដឹកនាំស្តារ និងកាយដោយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ។

 លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុថ្លែងថា មុនពេលអាជ្ញាធរចុះវាយកម្ទេចផ្ទះវីឡាមួយកាលពីរសៀលថ្ងៃ១៦មិនា២០២០ រដ្ឋបាលក្រុងព្រះសីហនុ អញ្ជើញប្រជាពលរដ្ឋចំនួន ២៩គ្រួសារ រស់នៅតាមបណ្តោយអូរ៥ ដែលរងផលប៉ះពាល់ក្នុងគម្រោងកាយអូរពង្រីកតាមប្លង់ប្រព័ន្ធ មកពន្យល់ប្រាប់ពីគោលការណ៍របស់អាជ្ញាធរខេត្ត ក្នុងការមិនអនុញ្ញាតឲ្យ មានសំណង់ផ្សេងៗនៅលើដីអូរនេះទៀតទេ ។ បើតាមលោកអភិបាលក្រុងបញ្ជាក់ថា ក្រៅពីផ្ទះវីឡាដែលបានវាយកម្ទេចកាលពីម្សិលមិញ សំណង់ផ្សេងៗទៀតរបស់ពលរដ្ឋដែលប៉ះពាល់ដីអូរនេះនឹងត្រូវអនុវត្តន៍ដូចគ្នា តាមរយៈការរុះរើដោយខ្លួនឯងឬរុះរើវាយកម្ទេចដោយកម្លាំងអជ្ញាធរនៅថ្ងៃទី១៧មីនា២០២០នេះបន្តទៀត ក្នុងនោះបើតាមលោកអភិបាលក្រុងបញ្ជាក់ថា ពលរដ្ឋម្ចាស់សំណង់បានយល់ព្រមចូលរួមសហការក្នុងការវាយកម្ទេចនេះ ដោយមិនធ្វើការតវ៉ាជំទាស់ឡើយ ។ ចំពោះប្រតិកម្មមួយចំនួនដែលលើកឡើងថា ពេលពលរដ្ឋសាងសង់ ផ្នែកជំនាញមិនចុះហាមឃាត់ លោកអភិបាលក្រុងពន្យល់ត្រឡប់វិញថា ជាធម្មតានៅពេលមានការសាងសង់សំណង់មិនរៀបរយឬមិនស្របច្បាប់ណាមួយ(សំណង់គ្មានប្លង់) អាជ្ញាធរឬមន្ត្រីជំនាញបានចុះហាមឃាត់ជាមួយនឹងការធ្វើកំណត់ហេតុ កិច្ចសន្យាផ្សេងៗជាមួយពលរដ្ឋពាក់ព័ន្ធមិនដែលរំលងឡើយ ក្នុងនោះមានពលរដ្ឋមួយចំនួនអនុវត្តន៍តាម និងម្ចាស់សំណង់មួយចំនួនមិនអនុវត្តន៍តាម បន្តសាងសង់លើទីតាំងដែលបានហាមឃាត់នោះ។ 

 ទោះជាយ៉ាងនេះក្តី លោកអភិបាលក្រុងព្រះសីហនុថ្លែងជាការរំលឹកដាស់តឿនថា ចាប់ពីពេលនេះតទៅ សូមពលរដ្ឋទាំងអស់បញ្ឈប់ការសាងសង់សំណង់ឬផ្ទះស្នាក់នៅដោយពុំបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឬស្ថាប័នជំនាញ ដើម្បីបង្ការកុំឲ្យ មានការខាតបង់ ក្នុងពេលដែលអាជ្ញាធរឲ្យ រុះរើចេញវិញ៕

អត្ថបទដែលជាប់ទាក់ទង