អ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀត នៅលើជនជាតិម៉ាឡេស៊ី២នាក់ ដែលឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា រាល់ការចំណាយលើការធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទាំងអស់ គឺជារដ្ឋជាអ្នកចំណាយ ហើយលោកស្រី បានច្រានចោលចំពោះមជ្ឈដ្ឋានមួយបានផ្សព្វផ្សាយថា អ្នកដែលធ្វើតេស្តរកមិនឃើញមេរោគកូវីដ១៩ តម្រូវឱ្យបង់លុយ។ លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា “យើងអត់មានយកលុយ យកអី១រៀល គឺជាបន្ទុករបស់រដ្ឋាភិបាល”។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ ក្រសួងបានធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ លើមនុស្ស១១១២នាក់ ក្នុងនោះរកឃើញអ្នកផ្ទុកមានចំនួន៣៥នាក់ ដែលមានសញ្ជាតិខ្មែរ ខ្មែរឥស្លាម និងជនបរទេស។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែធ្វើអនាម័យ ឲ្យបានញឹកញាប់ ជាមួយសាប៊ូ អាកុល ពិសាអាហារត្រូវឆ្អិនល្អ និងត្រូវស្វាគមន៍ដោយសំពះ និងត្រូវមានគម្លាតពីគ្នា ចាប់ពី១ម៉ែត្រទៅ២ម៉ែត្រ ជាដើម ហើយចៀសវាងនូវកំណើនការឆ្លងជំងឺកូវីដ១៩នេះ គួរចៀសវាងការប្រមួលផ្តុំគ្នា នៅតាមទីសាធារណៈនានា៕