ផ្អាកការចូលទស្សនា ព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨មីនា
ភ្នំពេញ ៖ ក្រសួងបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ស្របពេលក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់។
បើតាមសេចក្តីប្រកាសរបស់ព្រះបរមរាជរាំង ប្រកាសស្តីពីការ ផ្អាកការចូលទស្សនាព្រះបរមរាជវាំងចាប់ពីថ្ងៃនេះតទៅ ដោយសារកូវីដ១៩ កំពុងតែរាតត្បាត ។ សេចក្តីប្រកាសបានបន្តថា ការបើកចូលទស្សនាព្រះបរមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំង នឹងជូនដំណឹងពេលក្រោយ ។ ក្រសួង បានជម្រាបជូនដំណឹងចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ជ្រាបថា ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូរ៉ូណា (កូវីដ១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០តទៅ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ ក្រសួងបានធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ លើមនុស្ស១១១២នាក់ ក្នុងនោះរកឃើញអ្នកផ្ទុកមានចំនួន៣៥នាក់ ដែលមានសញ្ជាតិខ្មែរ ខ្មែរឥស្លាម និងជនបរទេស។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែធ្វើអនាម័យ ឲ្យបានញឹកញាប់ ជាមួយសាប៊ូ អាកុល ពិសាអាហារត្រូវឆ្អិនល្អ និងត្រូវស្វាគមន៍ដោយសំពះ និងត្រូវមានគម្លាតពីគ្នា ចាប់ពី១ម៉ែត្រទៅ២ម៉ែត្រ ជាដើម ហើយចៀសវាងនូវកំណើនការឆ្លងជំងឺកូវីដ១៩នេះ គួរចៀសវាងការប្រមួលផ្តុំគ្នា នៅតាមទីសាធារណៈនានា៕