នគរបាលខេត្តបាត់ដំបង អំពាវនាវ ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមកុំឲ្យមានការរើសអើង បងប្អូនជាខ្មែរឥស្លាម
បាត់ដំបង៖ មានប្រជាពលរដ្ឋមួយចំនួនហាក់ បង្ហាញនូវនិន្នាការ រើសអើង ដោយករណីខ្លះចំពោះបង ប្អូនប្រជាពលរដ្ឋជា ខ្មែរឥស្លាម នៅតាមមូលដ្ឋានមួយចំនួន នាមូលដ្ឋានក្រុងបាត់ដំបង និងស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង បន្ទាប់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវ លទ្ធផលវិជ្ជមានCovid-19 ចំពោះប្រជាពលរដ្ឋជា ខ្មែរឥស្លាម ចំនួន៤នាក់ ហេតុនេះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមកុំឲ្យមានការរើសអើង ឲ្យសោះចំពោះ (សាមីខ្លួន ក្រុមគ្រួសារ ឬសាច់ញាតិបងប្អូនជាខ្មែរឥស្លាម)។
បើតាមការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២០នេះ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ពិសេសអ្នក និយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា ក្នុងប៉ុន្មានថ្ងៃនេះ បានកត់សម្គាល់ឃើញ មានប្រជាពលរដ្ឋមួយចំនួនហាក់ បង្ហាញនូវនិន្នាការ (រើសអើង) ដោយករណីខ្លះចំពោះបង ប្អូនប្រជាពលរដ្ឋជា (ខ្មែរឥស្លាម) នៅតាមមូលដ្ឋានមួយចំនួន នាមូលដ្ឋានក្រុងបាត់ដំបង និងស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង បន្ទាប់ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវ លទ្ធផលវិជ្ជមានCovid-19 ចំពោះប្រជាពលរដ្ឋជា (ខ្មែរឥស្លាម) ចំនួន៤នាក់ នៅខេត្តបាត់ដំបងរួចមក ។
ការបង្ហាញនូវចេតនា (រើសអើង) ដោយករណីផ្សេងៗ សម្រាប់សាមីខ្លួន សម្រាប់ក្រុមគ្រួសារ ឬសម្រាប់សាច់ញាតិបងប្អូនជា (ខ្មែរឥស្លាម) ទូទៅនៅក្នុងសហគមន៍ គឺជាហេតុ នាំបង្កទៅជាករណីផ្សេង ដែលមិនគួរកើតមាននៅក្នុងសង្គមខ្មែរ ឬក្នុងមូលដ្ឋានរបស់យើងឡើយ។
ដោយកត់សម្គាល់ឃើញនូវករណីបែបនេះ បាននិងកំពុងកើតឡើងនៅមូលដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមកុំឲ្យមានការរើសអើង ឲ្យសោះចំពោះ (សាមីខ្លួន ក្រុមគ្រួសារ ឬសាច់ញាតិបងប្អូនជាខ្មែរឥស្លាម) នៅក្នុងមូលដ្ឋានសហគមន៍ ព្រោះពួកគាត់ពិតជា (គ្មានចេតនា) អ្វីទាល់តែសោះ ក្នុងការនាំយកនូវមេរោគ Covid-19 មកដាក់ខ្លួន ឬនាំចូលមកក្នុងសហគមន៍ ឬប្រទេសកម្ពុជារបស់យើងឡើយ ប៉ុន្តែពេលនេះ បងប្អូនប្រជាពលរដ្ឋ គប្បីលើកទឹកចិត្តពួកគាត់ ដើម្បីពួកគាត់បានបង្ហាញវត្តមាន ចំពោះមុខក្រុមគ្រូពេទ្យជំនាញ បានពិនិត្យនិងព្យាបាល បានទាន់ពេលវេលា និងណែនាំដល់ក្រុមគ្រួសាររបស់គាត់ ឲ្យអនុវត្តដោយត្រឹមត្រូវ តាមវិធានណែនាំទាំងឡាយ របស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬគ្រូពេទ្យជំនាញ ជាមួយនេះ សូមបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានចូលរួមអនុវត្តផ្ទាល់ ដោយត្រឹមត្រូវសម្រាប់ខ្លួនម្នាក់ៗសម្រាប់សមាជិកគ្រួសារនីមួយៗ និងសម្រាប់សហគមន៍ ដើម្បីបង្ការទប់ស្កាត់ឲ្យបាននូវករណីឆ្លង Covid-19 ព្រោះថាពេលវេលានេះ គឺជាពេលវេលាដែលខ្មែរយើង គ្រប់រូប ត្រូវចូលរួមជួយគ្នា ដោយសាមគ្គីភាព នៅក្នុងពេលដែលយើងកំពុងជួបបញ្ហាលំបាក។
ក្រៅពីនោះសូមបងប្អូនប្រជាពលរដ្ឋ កុំជឿនិងកុំប្រឌិតនូវព័ត៌មាន (ក្លែងក្លាយ) ទាក់ទងនឹងករណី Covid-19នេះ ឲ្យសោះ ហើយសូមតាមដាន និងជឿជាក់ទៅលើតែព័ត៌មានណា ដែលមានប្រភពត្រឹមត្រូវ និងច្បាស់លាស់។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានសង្ឃឹមយ៉ាងមុតមាំ ចំពោះការចូលរួម អនុវត្តរបស់បងប្អូន ប្រជាពលរដ្ឋ ដោយភាតរភាពបំផុត៕