រឹបអូសសាច់ឈ្លូស រួមជាមួយនឹងអន្ទាក់ ដែលលាក់ទុកក្នុងជំរុំខុសច្បាប់
ភ្នំពេញ៖ អង្គការ Wildlife Alliance Cambodia កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញផ្សាយព័ត៌មាន លើទំព័រហ្វេសប៊ុកផ្លូវការថា “តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកបានដឹងថា សាច់សត្វព្រៃបានមកពីកន្លែងណា? នេះជាសាច់ឈ្លូសទម្ងន់៤០គីឡូក្រាម ដែលត្រូវបានរកឃើញ ដោយមន្ត្រីឧទ្យានុរក្ស ស្នាក់ការរវៀង ក្នុងអំឡុងពេលល្បាតរយៈពេលវែង”។
អង្គការ ដដែល បានបន្តថា “មិនត្រឹមតែការបរិភោគសាច់សត្វព្រៃមួយមុខនោះទេ ដែលជាការគំរាមកំហែង ដល់សុខភាពសាធារណៈ ដូចដែលយើងកំពុងមើលឃើញហើយ នៃការរីករាលដាលរបស់កូរ៉ូណាវីរុសមួយនេះ ប៉ុន្តែជារឿយៗ សត្វព្រៃតែងតែត្រូវបានរឹបអូស ហើយសាច់ដែលនៅសល់ ត្រូវបានយកទៅក្លាសេទុក ក្នុងរយៈពេលយូរ មុននឹងបញ្ជូនទៅលក់ឲ្យអ្នកបរិភោគ។ នេះជាការបង្កើតឱកាសបង្កឲ្យមានគ្រោះថ្នាក់ដោយសារជំងឺឆ្លង”។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងជំរុញឲ្យប្រជាជនបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់អ្នក និងប្រជាជនកម្ពុជា។
ជាផ្នែកមួយនៃការល្បាត ក្រុមមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាត ក៏បានរឹបអូសផ្ទះខុសច្បាប់ ចំនួន៣កន្លែង ជំរុំខុសច្បាប់ចំនួន៣កន្លែង កាំភ្លើងច្នៃចំនួន៥ដើម គោយន្តចំនួន១គ្រឿង រទេះគោចំនួន៨គ្រឿង ឧបករណ៍ឆក់ត្រីចំនួ២គ្រឿង អន្ទាក់ចំនួន៣១៤អន្ទាក់ សំណាញ់ចាប់សត្វបក្សីចំនួន១ និងឈើទំហំ៥ម៉ែត្រគូប៕

