ជំងឺឆ្លងកូរ៉ូណា នឹងរលាយបាត់ ប៉ុន្តែអ្វីដែលមិនបាត់ គឺចរិតមនុស្សរើសអើង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ពាក់ព័ន្ធនឹងជំងឺឆ្លងកូរ៉ូណា (COVID-19) ដែលកំពុងវាយលុកសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ វានឹងរលាយបាត់ក្នុងពេលណាមួយ ប៉ុន្តែអ្វីដែលមិនបាត់ គឺប្រវត្តិសាស្ត្រ នឹងកត់សម្គាល់ចរិតមនុស្សរើសអើង ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារលើហ្វេសប៊ុក នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២០នេះថា “COVID-19 វាយលុកសកលលោក តែវានឹងរលាយបាត់ អ្វីដែលមិនបាត់គឺប្រវត្តិសាស្ត្រនឹងកត់សម្គាល់ចរិតមនុស្សចិត្តទូលាយ ចិត្តចង្អៀត ចិត្តឫស្យា ចរិតរើសអើង ចង្អៀតចង្អល់ “។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងនៅក្នុងសង្គមតែមួយ យើងចង់រស់ដូចគ្នា បងប្អូនខ្មែរឥស្លាមពេលនេះ ត្រូវយល់ថា យើងមិនមានការបែងចែកទេ មិនត្រូវអស់សង្ឃឹមទេ មនុស្សថោកទាបនឹងប្រឹងបន្ទាបបន្ថោកបងប្អូន តែបងប្អូនមិនត្រូវថោក តាមពួកទាំងនោះទេ !”។
បើតាមផេកហ្វេសប៊ុក Kon Damrey Srok Page Officail បានផ្សាយព័ត៌មាននៅថ្ងៃទី២១មីនានេះថា “ខណៈពេលនេះ បងប្អូនខ្មែរឥស្លាមស្រុកមេមត់ កំពុងសហការធ្វើតេស្តរក Covid19 នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងមួយនេះ និងបំបាត់ចម្ងល់ ដែលបង្កើតឲ្យការរើសអើង ពីជនមួយចំនួន ។ ខ្ញុំសូមគោរពថ្លែងអំណរគុណ ដល់បងប្អូនខ្មែរកាន់សាសនាឥស្លាម មួយចំនួន នៅស្រុកមេមត់ ដែលមានសមាជិកគ្រួសារ ត្រឡប់ពីប្រទេសម៉ាឡេស៊ី ចំពោះការចូលរួមធ្វើតេស្តរក Covid-19 ជាបន្តបន្ទាប់ ក្រោយពីមានការពន្យល់ណែនាំរបស់ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធ ។ គិតមកដល់ព្រឹកថ្ងៃទី ២០ មីនា ២០២០ នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកមេមត់ បានធ្វើតេស្តរក Covid19 ចំពោះបងប្អូនខ្មែរ ដែលមានសមាជិកក្រុមគ្រួសារ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ីនោះ ចំនួន ៦ នាក់ ជាលទ្ធផលឃើញថាអវិជ្ជមានទាំងអស់”។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលដែលសម្តេច បានដឹកនាំកិច្ចប្រជុំស្ដីពីវិធានការណ៍ការពារ មេរោគវិរុសកូរូណា ឬហៅថា ជំងឺកូវីដ-១៩ (COVID-19)ថា ពាក់ព័ន្ធនឹងការរើសអើង ប្រកាន់ដល់បងប្អូនខ្មែរឥស្លាម ដែលត្រូវបានរកឃើញ មានជំងឺកូវីដ១៩ បន្ទាប់ពីទៅធ្វើពិធីសាសនានៅម៉ាឡេស៊ីនោះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតប្រកាន់រើសអើងនេះ កុំថាឡើយបងប្អូនខ្មែរឥស្លាមយើង សូម្បីតែជនបរទេសផ្សេងទៀត ដែលមានបញ្ហា គឺយើងមើលថែទាំទាំងអស់។
