រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ ដល់ប្រទេសកម្ពុជា ប្រមាណ៣១០លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន០៥
ភ្នំពេញ៖ នៅថ្ងៃ២៤ខែមីនាឆ្នាំ២០២០នេះនៅវិមានសន្តិភាពមានរៀបចំពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនសម្រាប់អនុវត្តគម្រោងចំនួន០៥នៅកម្ពុជារវាងលោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុននិងលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានទឹកប្រាក់សរុបចំនួន៣៤.១៣៨លានយ៉េន(ប្រមាណ៣១០លានដុល្លារអាមេរិក)។
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណជា៣៤,១៣៨លានយ៉េនឬស្មើនឹងប្រមាណ៣១០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗចំនួន៥។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា នៅក្នុងគម្រោងនោះមានគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោងនិងឥណទានសម្បទានចំនួន២គម្រោង។
សម្រាប់គម្រោងឥតសំណងមានដូចជាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅចំនួនទឹកប្រាក់៣៤២១លានយ៉េនស្មើនឹង៣១លានដុល្លារ។គម្រោងសមាហរណកម្មបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីនមានចំនួន១០០០លានយ៉េនស្មើនឹង៩លានដុល្លារ។គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមមានទឹកប្រាក់ចំនួន៣០០លានយ៉េនស្មើនឹងប្រមាណ២,៧លានដុល្លារ។
ដោយឡែកសម្រាប់គម្រោងឥណទានសម្បទានសរុបមានប្រមាណ២៦៧,៥លានដុល្លារអាមេរិកដោយក្នុងនោះត្រូវបានបែងចែកជាគម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ដំណាក់កាលទី២(ធ្លាម្អម–បាត់ដំបងនិងសិរីសោភ័ណ្ឌ–ប៉ោយប៉ែត) មានទំហំទឹកប្រាក់ចំនួន១៧,៧០២យ៉េនស្មើនឹងប្រមាណ១៦១លានដុល្លារ។ហើយនឹងគម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ក្នុងតំណាក់កាលទី៣(ព្រែកក្ដាម – ធ្លាម្អម) មានទំហំទឹកប្រាក់ចំនួន១១, ៧១៥លានយ៉េនស្មើនឹងប្រមាណ១០៦,៥លានដុល្លារ។
សម្រាប់ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុននាថ្ងៃនេះចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយនឹងលោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានថ្លែងថាអង្គភាពស៊ីម៉ាក់នឹងទទួលជំនួយបន្ថែមពីរដ្ឋាភិបាលជប៉ុនសម្រាប់គាំទ្រគម្រោងសមាហរណកម្មបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន។
ក្នុងនោះដែរអង្គភាពស៊ីម៉ាក់បានទទួលជំនួយពីរដ្ឋាភិបាលជប៉ុនចំនួន១,០០០លានយ៉េន(ប្រមាណជាង៩លានដុល្លារអាមេរិក) សម្រាប់គាំទ្រគម្រោងសមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី៤ដែលមានរយៈពេល០២ឆ្នាំ(២០២០ដល់២០២២)។សូមបញ្ជាក់ជូនថា ក្នុងរយៈពេល៦ខែ (១ មករា - ៣០ មិថុនា ២០២០) បានផ្តល់ជំនួយចំនួន១លាន៨សែនដុល្លារ ដេីម្បីរក្សានិរន្តរភាពកម្លាំងប្រតិបតិ្តការតភ្ជាប់ជាមួយគម្រោងថ្មី២ឆ្នាំខាងមុខនេះ។
សូមរំលឹកថាក្នុងការអនុវត្តគម្រោងខាងលើនេះក្នុងដំណាក់កាលទី៣កន្លងទៅនេះអង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលដូចជាបោសសម្អាតផ្ទៃដីចំការមីន/គ្រាប់បានចំនួន៧,៣១២ហិតារុករកឃើញនិងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនផ្ទុះគ្រប់ប្រភេទចំនួន៣៩.០៨០គ្រាប់ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន៩.៩២៤គ្រាប់មីនប្រឆាំងរថក្រោះបានចំនួន១២៩គ្រាប់មីនឆ្នៃចំនួន១៧គ្រាប់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៩.០១០គ្រាប់ឆ្លើយតបសំណើរបន្ទាន់បានចំនួន១.២៦៦ករណីនិងបានអប់រំនិងផ្សព្វផ្សាយការយល់ដឹងពីមីនបានចំនួន៩០.២២៤នាក់។
ឆ្លៀតក្នុងឱកាសនេះដែរសូមគោរពថ្លែរអំណគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោដែលបានខិតខំកៀរគរជំនួយគាំទ្រវិស័យមីននៅកម្ពុជាជាពិសេសអង្គភាពស៊ីម៉ាក់និងសូមអរគុណដល់ប្រជាជននិងរដ្ឋាភិបាលជប៉ុនដែលតែងតែបន្តការគាំទ្រការអភិវឌ្ឍន៏លើគ្រប់វិស័យនិងជាពិសេសវិស័យមីននៅកម្ពុជា៕