អង់គ្លេស ប្រកាសបិទប្រទេស ៣សប្តាហ៍
រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃចន្ទ បានបញ្ជាឲ្យមានការបិទប្រទេស រយៈពេល ៣សប្តាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ដោយបញ្ជាឲ្យបិទគ្រប់ហាង និងសេវាកម្មដែលមិនចាំបាច់ទាំងអស់ និងហាមមិនឲ្យមានការប្រមូលផ្តុំចាប់ពី ២នាក់ឡើងទៅ។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានថ្លែងប្រាប់ប្រជាជន អង់គ្លេសទាំងអស់ ‘ឲ្យស្នាក់នៅផ្ទះ’។ នេះគឺជាវិធានការដ៏សន្តិភាព ដែលមិនធ្លាប់មានពីមុនមក ក្រោយពេលចំនួន អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់ ៣៣៥នាក់។
ការប្រកាសវិធានការបិទប្រទេស កើតឡើងក្រោយពេលមាន ការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ដែលបានផ្តល់អនុសាសន៍ ក្នុងការកាត់បន្ថយការប្រមូលផ្តុំ ដើម្បីកុំឲ្យមានការឆ្លងវីរុស ប៉ុន្តែវិធានការនោះមិនមានអ្នកអើពើឡើយ។
មនុស្សជាច្រើន នៅតែត្រូវគេមើលឃើញកម្សាន្ត លេងនៅចុងសប្តាហ៍ នៅតាមសួន និងតាមជនបទ ទូទាំងប្រទេស ដែលការមិនអើពើ នឹងវិធានការរដ្ឋាភិបាលនេះ បណ្តាលឲ្យមានការខឹងសម្បា និងមានការស្នើឲ្យចាត់វិធានការ ឲ្យបានតឹងរ៉ឹងបន្ថែមទៀត។
លោក Boris Johnson ថ្លែងដូច្នេះថា “ចាប់ពីពេលល្ងាចថ្ងៃចន្ទ ខ្ញុំត្រូវតែផ្តល់ការណែនាំដ៏សាមញ្ញ ដល់ប្រជាជនអង់គ្លេសទាំងអស់ នោះគឺ អ្នកត្រូវស្នាក់នៅផ្ទះ”។
ចំពោះវិធានការថ្មីនេះដែរ លោក Boris Johnson បាននិយាយថា ការចេញទៅក្រៅដើម្បីទិញរបស់ចាំបាច់ គឺនៅតែត្រូវអនុញ្ញាត ហើយការចេញទៅហាត់ប្រាណ ទិញថ្នាំ ធ្វើដំណើរទៅធ្វើការ និងមកពីធ្វើការ ក៏ត្រូវបានអនុញ្ញាតដែរ។
លោកលើកឡើងថា ហាងទាំងអស់ ដែលលក់សម្លៀកបំពាក់ ឬឧបករណ៍អេឡិចត្រូវនិច ព្រមទាំងបណ្ណាល័យ កន្លែងលេង និងកន្លែងបួងសួងផ្សេងៗនឹងត្រូវបិទ។ ពិធីមង្គលការ និងពិធីលាងបាបបែបសាសនា ក៏មិនត្រូវអនុញ្ញាតឲ្យរៀបចំដែរ លើកលែងតែពិធីបុណ្យសព។
សួនកម្សាន្តនៅតែបើកដដែល ប៉ុន្តែលោកបានព្រមានថា “ប្រសិនជាអ្នកមិនអនុវត្តតាមវិធានការ ប៉ូលិសនឹងត្រូវប្រើអំណាចពួកគេ ដើម្បីបង្ខំអ្នកទាំងនោះ មានតាមរយៈការផាកពិន័យ និងបណ្តេញកុំឲ្យមានការប្រមូលផ្តុំ”។
អង់គ្លេសមានអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា ឬ COVID-19 ចំនួន ៣៣៥នាក់ និងឆ្លងជិត ៧.០០០នាក់៕