ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បន្តការងារផ្សព្វផ្សាយសារអប់រំស្តីពីវិធានការបន្ទាន់ បង្ការជំងឺកូវីដ១៩ នៅទូទាំងខណ្ឌច្បារអំពៅ

82

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ និងដោយមានការចង្អុលបង្ហាញ បញ្ជា ផ្ទាល់ពីលោក ចេង មុនីរ៉ា ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៦-០៣-២០២០ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានដឹកនាំកំលាំងចុះល្បាតក្នុងភូមិសាស្ត្រ ដើម្បីក្តាប់សភាពការណ៍ក្នុងមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជា ពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ឲ្យមានវិធានការ បង្ការ-ទប់ស្កាត់ការឆ្លងមេរោគCovid-19 ។

វិធានការនេះត្រូវបានចាត់ទុកថា ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួន ពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។
សារអប់រំជាទិភាពពីលំដាប់ទី១ដល់ទី៤រួមមាន៖
១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។
៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕

អត្ថបទដែលជាប់ទាក់ទង