បញ្ជូនអ្នកកាសែត២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ យានយន្ដ តួនាទី
ខេត្តស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ២នាក់ដែលជាអ្នកកាសែត ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្ដ ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ។
សមត្ថកិច្ចបានឱ្យដឹងថា យោងតាមការអនុញ្ញាតធ្វើការបើកការស៊ើបអង្កេតបឋមលេខ ០២ អ.យ ចុះហត្ថលេខាដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតបឋម លើករណីបទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារសាធារណៈ។
ប្រភពដដែលបានបន្តថាៈ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ហាស់ ស្រីមុំ ភេសស្រី អាយុ ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយពីបានការអនុញ្ញាត មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង បានកោះហៅជនសង្ស័យចំនួន ២នាក់ គឺ១.ឈ្មោះ អុន សំអឿន (ឈ្មោះធ្លាប់ប្រើ ហង្ស បណ្ឌត ) ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ពឺខាងកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ ២.ឈ្មោះ ណយ ចំណាន (ឈ្មោះធ្លាប់ប្រើ ណាន) ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឱ្យចូលខ្លួនមកមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ។
ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍ជូនលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ដោយបានការអនុញ្ញាតពីលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនជនជាប់សង្ស័យ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនជាប់សង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជាការដ្ឋានកងរាជអាវុធខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
ចំណែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញឆ្លើយតប បកស្រាយជូនសាធារណជន និងអ្នកសារព័ត៌មានដូចខាងក្រោម៖