ម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ជាង១០០ នាក់ ទៅស្រុកវិញ
ភ្នំពេញ៖ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសរសេរសារលើហ្វេសប៊ុកនៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះថា “ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួល ឲ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់ តាមបទបញ្ជាគ្រប់គ្រង ការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី “។
ឯកឧត្តម បានថ្លែងទៀតថា ជាមួយនេះ យើងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ ដែលជាប់នៅម៉ាឡេស៊ី បានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។
ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះ បានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែ ពេលមកដល់ភ្លាម។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម្យ៉ាង អរគុណយើងចំពោះការសម្រួលមាតុភូមិនិវត្តន៍ របស់ពលរដ្ឋគាត់ផង ហើយម្យ៉ាងក៏ឆ្លៀតឱកាសពិភាក្សាគ្នា អំពីការជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃទី ៩ ខែមីនា កន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាត ឲ្យពលករខ្មែរ បានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី”៕