កំពូលចោរធ្វើសកម្មភាពប្លន់ ក្នុងភូមិសាស្ដ្រស្រុកសំរោងទង
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានរាយការណ៍ថា កំពូលចោរធ្វើសកម្មភាពប្លន់ក្នុងភូមិសាស្ដ្រស្រុកសំរោងទង ត្រូវបានកម្លាំងជំនាញសហការឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន៦ ដីកា ។ នាថៃ្ងទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៣៥នាទី នៅចំណុចភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការស្រុកសំរោងទង ធ្វើការឃាត់ខ្លួន មុខសញ្ញាពាក់ព័ន្ធក្នុងករណី” លួចស្ថានទម្ងន់ទោស ដោយសារប្រើអំពើហិង្សា ” សរុបចំនួន ៦ ដីកាបង្គាប់ឲ្យចាប់ខ្លួន។
មុខសញ្ញាចោរដ៏សកម្ម មានឈ្មោះ កែវ ដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ និងធ្វើចោរ មានទីលំនៅភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ។ តាមការបញ្ជាក់ឱ្យដឹងពីរមន្ដ្រីនគរបាល នៅការិយាល័យព្រហ្មទណ្ឌ ថា ក្រុមចោរខាងលើជាក្រុមដ៏សកម្មបំផុតកន្លងមក ធ្វើសកម្មភាពជាអង្គការចាត់តាំងហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន ១៦នាក់ សល់បក្ខពួកមួយចំនួនបានរត់គេចខ្លួន ជាក់ស្ដែងកម្លាំងធ្វើការឃាត់ខ្លួនបានបក្ខពួកម្នាក់ ចំណោមបក្ខពួកដែលបានរត់គេចខ្លួនកន្លងមក។
នគរបាលខេត្តក៏បានរំលឹកអំពីប្រវត្ដិសកម្មភាព ក្រុមកំពូលចោរកន្លងមក គឺក្រុមគេបានជិះម៉ូតូដេញតាមម៉ូតូ ធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាចដែលធាក់ម៉ូតូផ្ដួលតែម្ដង ចុះទៅធ្វើឈ្លោះប្រកែកគ្នារបៀបជាក្រុមក្មេងស្គាល់គ្នាហើយមានជម្លោះរឿងអ្វីមួយ ដើម្បីបន្លំភ្នែកអ្នកដំណើរដែលជិះកាត់ឲ្យឃើញថា ជាក្រុមក្មេងទំនើងឈ្លោះគ្នា មិនមែនជាចោរប្លន់ម៉ូតូនោះទេ រួចដេញវាយជនរងគ្រោះរត់ចោលម៉ូតូ ទើបបក្ខពួកគេលើកម៉ូតូជិះគេចខ្លួនតែម្ដង ម្យ៉ាងទៀតពួកគេប្រើឧបករណ៍ដំបង កាំបិតជិះដេញតាមកាប់ជនរងគ្រោះ រហូតជនរងគ្រោះដួលហើយយកម៉ូតូទៅតែម្ដង សកម្មភាពនេះភាគច្រើនកើតក្នុងភូមិសាស្ដ្រស្រុកសំរោងទង ផ្លូវលេខ ១៤៤០ ច្បារមន ទៅក្រាំងចេក ផ្លូវជាតិលេខ ៤ ។ ល។
បច្ចុប្បន្នមុខសញ្ញាខាងលើត្រូវបានជំនាញបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។