បច្ចេកទេសវេចខ្ចប់ថ្នាំញៀនដ៏ឈ្លាសវៃ ដាក់ក្នុងលុយ តែត្រូវធ្លាក់ក្នុងកណ្តាប់ដៃ អាវុធហត្ថភ្នំពេញដដែល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅកាន់តុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ជននេះ មានជំនាញបច្ចេកទេសវេចខ្ចប់ថ្នាំញៀនដ៏ឈ្លាសវៃ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ។
ជនសង្ស័យ ឈ្មោះ កាំង គីមហុង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបាន កម្លាំងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន: ក្រាមពណ៌សថ្លា ១៣៨ កញ្ចប់ស្មើនឹង ៧៥,០៩ ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យរូបនេះ បានប្រើបច្ចេកទេសវៃឆ្លាត ចរាចរថ្នាំញៀនដោយវេចខ្ចប់ នៅក្នុងក្រដាស់ប្រាក់លាក់បាំងភ្នែកសមត្ថកិច្ច អស់រយៈពេលជាយូរមកហើយ តែដោយវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បានតាមដានស្រាវជ្រាវ ដឹងពីល្បិចកល របស់ជនល្មើសរហូតឈានដល់ការបង្ក្រាបជាក់ស្តែង និងបញ្ជូនឲ្យការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់តែម្តង៕ដោយ៖កូឡាប