ពលរដ្ឋខ្មែរ មកពីក្រៅប្រទេស លើកបដាប្រាប់បងប្អូន ហាមមកសួរសុខទុក្ខរយៈពេល១៤ថ្ងៃ
ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុក ផ្លូវការ របស់សម្តេចតេជោ Samdech Hun Sen, Cambodian Prime Ministerនៅថ្ងៃទី៦ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារអរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់ មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានដាក់ខ្លួន និងក្រុមគ្រួសារឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព។
សម្តេច បានថ្លែងថា “ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកជាបណ្តោះអាសន្នមួយរយៈនេះ គឺដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាល នៃការឆ្លងមេរោគពីគេមកយើងផង នឹងពីយើងទៅគេផង”។
សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យ ក្នុងករណីមានការសង្ស័យណាមួយ សូមខលលេខ ១១៥ ។
ក្នុងបដានោះ មានខ្លឹមសារថា ” ផ្ទះរបស់ខ្ញុំមានសមាជិកមកពីក្រៅប្រទេស ហាមបងប្អូនចូលលេង សួរសុខទុក្ខរយៈពេល១៤ថ្ងៃ”៕ដោយ៖កូឡាប