សប្បុរសជន និងមន្ត្រីរាជការ បរិច្ចាគថវិកា និងប្រាក់ខែ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ជាង១០លានដុល្លារ
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសព័ត៌មានតាមរយៈហ្វេសប៊ុកផ្លូវការ ថ្លែងការអរគុណសប្បុរសជន និងមន្ត្រីរាជការ ដែលបានបរិច្ចាគថវិកា និងប្រាក់ខែ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ (Covid-19)។
តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជន ចូលរួមបរិច្ចាគផង និង បូករួមទាំងថវិកាបៀវត្សរ៍ ដែលចូលរួមដោយមន្ត្រីរាជការយើងផង។
សម្តេចតេជោបានបញ្ជាក់ថា “ យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាទិញម៉ាស និងសម្ភារបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋ ទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់“ ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារ ដើម្បីជាផលប្រយោជន៍ របស់ប្រជាពលរដ្ឋយើង។ កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីដ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើង ដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារ ឲ្យពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំឲ្យពួកគាត់ខ្វះស្បៀងអាហារឲ្យសោះ ក្នុងពេលដែលសភាពការណ៍ មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗ ដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើង ឲ្យបានទាន់ពេល”។
សូមអរគុណដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្ត្រីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា។