នារីម្នាក់ លោតសម្លាប់ខ្លួនពីលើចំរាក់ភ្នំក្រោម បណ្តាលឲ្យរបួសធ្ងន់
សៀមរាប៖ ស្រីស្អាតម្នាក់បានលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៨និង៥០នាទី ត្រង់ចំណុចខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នារីម្នាក់នោះ មានវិបត្តិផ្លូវចិត្ត ហើយបានលោតពីលើចំរាក់ភ្នំក្រោម ដើម្បីធ្វើអត្តឃាត កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុចខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ ។
នារីរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុង/ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូននារីរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅគ្លីនិក ស៊ឹង រិទ្ធីរ៉េត និងបានប្រកាសរកក្រុមគ្រួសារនារីរងគ្រោះ។
លោកអធិការក្រុង ក៏បានបន្តទៀតថា កម្លាំងសមត្ថកិច្ចជំនាញ បានពិនិត្យស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ហើយរកមិនឃើញមានពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌទេ។
បច្ចុប្បន្ន ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ ផុងលលាដ៍ក្បាល ទើបក្រុមគ្រួសារជនរងគ្រោះ សម្រេចចិត្តដឹកយកទៅ ព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕