រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធពិធីចូលឆ្នាំខ្មែរ តែប្រជាពលដ្ឋអាចទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសសម្រចផ្អាកការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឱ្យមន្ត្រីរាជការ និងបុគ្គលិកឯកជនធ្វើការតាមធម្មតា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ហើយប្រជាពលដ្ឋអាចរៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួនបានជាធម្មតា។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០២០នេះ។
សម្តេចតេជោ បានលើកឡើងថា៖”អ៊ីចឹងកន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាម្រើសសុវត្ថិភាពបំផុតហើយ។ បើទុកបណ្តោយឱ្យដើរលេង សភាពការណ៍នេះក្រោយចូលឆ្នាំខ្មែរហើយអាចនឹងមានហានិភ័យខ្ពស់បំផុត។ អ៊ីអីចឹងទេ សូមបងប្អូន មន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករកម្មការិនីរបស់យើងមេត្តាយោគយល់ ចំពោះការលំបាករបស់ប្រទេសជាតិ”។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល នឹងសងត្រូវឈប់សម្រាកចំនួន៥ថ្ងៃវិញ នៅពេលដែលកូវីដ១៩ បាត់ទៅវិញ។ សម្តេចក៏បានណែនាំ ឲ្យទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងការងារ ចេញសេចក្តីជូនដំណឹង ជូនទៅគ្រប់ក្រសួង មន្ត្រីរាជការ និងរោងចក្រសហគ្រាស ពីការផ្អាកពិធីបុណ្យចូលឆ្នាំថ្មី ហើយធ្វើការងារជាធម្មតា ដោយគ្មានការឈប់សម្រាកនោះទេ។ ការផ្អាកពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីចៀសវាងការជួបជុំគ្នា ព្រោះ អ្នកនៅភ្នំពេញ ត្រូវទៅលេងស្រុកកំណើត ។ សម្តេចក៏សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកពិធីបុណ្យនេះ ចំណែកកម្មវិធីបុណ្យទទួលទេវតា គឺធ្វើឡើងតាមរយៈទូរទស្សន៍ និងការប្រគំតន្ត្រីគឺធ្វើឡើងតាមទូរទស្សន៍ ៕