នគរបាលខណ្ឌឬស្សីកែវឃាត់ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆ្កឹះសោរទ្វារបន្ទប់លួចម៉ូតូគ្រឿង
ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ ជនសង្ស័យ២នាក់ នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៧ ខែមេសា ឆ្នាំ 2020 បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព (ឆ្កឹះសោរទ្វារបន្ទប់លួចម៉ូតូ)បានសម្រេច កាលវេលាម៉ោង១យប់ឈានចូល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលផ្លូវបេតុងក្រុមទី៨ ភូមិឃ្លាំងសាំងសង្កាត់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ វ៉េត ណារ៉ូត ហៅបូម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៣៨១ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ប្រេីប្រាស់សារធាតុញៀន)។ ជនសង្ស័យទី២ ឈ្មោះ សេន ដាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែ (ប្រេីប្រាស់សារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ មុី រ៉ា ភេទស្រីអាយុ២៤ឆ្នាំមុខរបរលក់ខោអាវស្នាក់នៅកន្លែងកើតហេតុខាងលើ។ សំភារៈដកហូត ម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X ពណ៍ទឹកក្រូច-ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HB-9449 (បានប្រគល់ជូនជនរងគ្រោះវិញ)។
លោក អធិការនគរបាលខណ្ឌបានឲ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ជួល ចាក់សោរទ្វារបន្ទប់រួចចេញទៅក្រៅជួបមិត្តភ័ក្ត ពេលត្រឡប់មកវិញឃើញទ្វារបន្ទប់របើកហើយចូលទៅមើលមិនឃើញម៉ូតូក៏បានឆោឡោមកប្ដឹងសមត្ថកិច្ច។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងកំលាំងជំនាញខណ្ឌ+ប៉ុស្ត៍បានធ្វើការស្រាវជ្រាវលុះដល់ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង៤នាទីទៀបភ្លឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ ដែលបានធ្វើសកម្មភាពលួចម៉ូតូខាងលើតែម្តង ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕